(ភ្នំពេញ)៖ ពីចំនួនប្រជាពលរដ្ឋរប៉េសរប៉ស ក្រោយថ្ងៃរំដោះប្រទេសចេញពីរបបអាវខ្មៅ ដ៏ប្រល័យរបស់ ប៉ុល ពត ខៀវ សំផន អៀង សារី និង នួន ជា នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩នោះ រាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ត្រូវបានកើនឡើងដោយចំនួនប្រជាពលរដ្ឋយ៉ាងច្រើនកកកុញប្រមាណជា ៣លាននាក់ បន្ទាប់ពីប្រទេស និង រាជធានីចតុមុខមួយ ត្រូវបានស្រោចស្រង់មកវិញក្នុងរយៈពេល ៣៧ឆ្នាំ។
មុនឈានមកដល់ការប្រារព្ធខួប ៣៧ឆ្នាំ នៃការផ្តួលរំលំរបបវាលពិឃាត ប៉ុល ពត (៧ មករា ១៩៧៩-៧ មករា ២០១៦) «ស្ពានអាកាស៥មករា» ត្រូវបាននាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បើកសម្ពោធដាក់ឲ្យប្រជាពលរដ្ឋខ្មែរ បានធ្វើដំណើរឆ្លងកាត់នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ។ «ស្ពានអាកាស៥មករា» គឺជាសមិទ្ធផល ដ៏ថ្មីសន្លាងមួយនៅឆ្នាំ២០១៦ នេះ ហើយក៏ជាស្ពានអាកាសទី៤ ក្នុងរាជធានីភ្នំពេញផងដែរ។
«ស្ពានអាកាស ៥មករា» ភ្ជាប់ដោយផ្លូវក្រោមដី រួមនិងស្ពានអាកាស ៣ទៀត ក្នុងរាជធានីភ្នំពេញ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស ៧មករា និងស្ពានអាកាសស្ទឹងមានជ័យ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សាងសង់ជាបន្តបន្ទាប់ ដើម្បីឆ្លើយតបកំណើនរថយន្ត ម៉ូតូ យានរបស់ប្រជាពលរដ្ឋកម្ពុជា ដែលបាននិងកំពុងកើនឡើងឥតឈប់ឈរនាពេលបច្ចុប្បន្ន។
ក្រៅពីស្ពានអាកាសទាំង៤ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសសាងសង់ស្ពានអាកាស និង ផ្លូវក្រោមដីចំនួន ៤ទៀតរួមមាន៖ ១- កសាងផ្លូវបត់កោង និង ផ្លូវក្រោមដីនៅចំណុចស្ពានអាកាសក្បាលថ្នល់, ២- កសាងផ្លូវក្រោមដី នៅផ្លូវសហព័ន្ធរុសី្សត្រង់ចំនុចស្តុប បេកាសេ, ៣- សាងសង់ស្ពានអា កាស នៅចំនុចស្តុបផ្សារដីហុយត្រង់ផ្លូវសហព័ន្ឋរុស្សី និងផ្លូវហាណូយ និង ៤- ផ្លូវល្បឿនលឿន (Express Way) ១ខ្សែពីរាជធានីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
គម្រោងសាងសង់ស្ពាន និង ផ្លូវក្រោមដីនេះ ក៏ជាគម្រោងធ្វើឡើង ដើម្បីរំដោះការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញផងដែរ។
ក្នុងឱកាសសម្ពោធ «ស្ពានអាកាស៥មករា» សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា បើស្ថានភាពដូចឆ្នាំ១៩៧៩ និង ឆ្នាំ១៩ ៨០ ក៏មិនចាំបាច់តម្រូវឲ្យសាងសង់ស្ពានអាកាសនោះដែរ ព្រោះពេលនោះគ្មានមនុស្ស និងរថយន្តឆ្លងកាត់ច្រើនឡើយ។ តែបច្ចុ ប្បន្នកំណើនរថយន្ត ម៉ូតូ និង ម៉ូតូកង់បី បានកើនឡើងជារៀងរាល់ថ្ងៃ ដោយសារការដាក់ចេញគោលនយោបាយបញ្ចប់សង្រ្គាម។
សម្តេចបានបញ្ជាក់យ៉ាងដូច្នេះ «ពី ៧៩-៨០ ក៏មិនចាំបាច់មានស្ពានអាកាសអីចឹងដែរ ព្រោះបើដេកលើផ្លូវមួយអាទិត្យ ក៏គ្មាននរ ណាមកបុកបើអត់មានឡានបើកផងហ្នឹង។ ចរាចរណ៍នៅក្នុងប្រទេសរបស់យើងនេះ ពីមួយថ្ងៃទៅមួយថ្ងៃគ្មានទេ ការថយចុះនៃចំនួនយានយន្ត មិនថាទោចក្រយានយន្ត ត្រីចក្រយានយន្ត គឺអត់មានថយទេ។ ប្រហែលខុសមកពីខ្ញុំកូណាខ្ញុំទេ ខុសមកពីត្រង់ថា ដាក់ចេញក្របខណ្ឌគោលនយោបាយ បាត់អស់សង្រ្គាមទៅ ដល់បាត់អស់សង្រ្គាមទៅប្រជាពលរដ្ឋ មានឱកាសដើម្បីអភិវឌ្ឍប្រទេស អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ គ្រួសារនីមួយៗមានប្រាក់ចំណូលទិញឡាន ទិញម៉ូតូ។ យូរៗទៅគិតតែពីរឿងស្ទះចរាចរណ៍»។
នៅសល់ ២ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងឈានចូលដល់ខួប ៣៧ឆ្នាំ នៃការវាយផ្តួលរំលំរបបកាប់សម្លាប់ ដ៏រង្គាលរបស់ ប៉ុល ពត ក្រោមកម្លាំងរណសិរ្សសាមគ្គីសង្រ្គោះជាតិ ដែលមានយុទ្ធជន សម្តេច ហេង សំរិន សម្តេច ជា ស៊ីម និង សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ រួមជាមួយអ្នកស្នេហាជាតិជាច្រើនរូបផ្សេងទៀត។ រយៈ ៣៧ឆ្នាំនេះ កម្ពុជា បានប្រឹងក្រោកដើរពីបាតដៃទទេ នៅលើផ្លូវរដិបរដុប ដ៏សែនលំបាក តែទោះជាយ៉ាងណា បុរសខ្លាំងសម្តេចតេជោ សែន បាននាំនាវា ដ៏កម្សត់រងទុក្ខដោយភ្លើងសង្រ្គាមឲ្យ ឈានមករកផ្លូវសន្តិភាព និង ការអភិវឌ្ឍធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋស្ថិតក្នុងស្ថានភាពមួយពោរពេញដោយស្នាមញញឹម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃរំដោះ ៧ មករា ជាថ្ងៃនាំមកឲ្យកម្ពុជានូវអ្វី ដែលមាននាពេលបច្ចុប្បន្ន បូករួមទាំងសិទ្ធិមនុស្សផងដែរ។ សម្តេចបានផ្តាំទៅអ្នកដែលសម្តេចហៅថា បានបំភ្លេចថ្ងៃ ៧ មករា នោះ ត្រូវចាប់ថា សិទ្ធិរស់រៀនមានជីវិត គឺជាសិទ្ធិដំបូងបំផុត ដែលមនុស្សគ្រប់រូបត្រូវតែមាន បើស្លាប់អស់ទៅហើយ ក៏មិនអាចធ្វើការទាមទារសិទ្ធិបាននោះដែរ៕
ខាងក្រោមជារូបភាព ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩