(ពោធិ៍សាត់)៖ នៅល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ ក្នុងបរិវេណសាលាខេត្ត មានរៀបចំពិធី ជប់លៀងពិសារ បាយសាមគ្គីដើម្បី អបអរសាទរ ខួបលើកទី៣៧ ទិវាជ័យជំនះ ៧មករា (៧មករា១៩៧៩ - ៧មករា២០១៦) ដែលមានការចូលរួមពី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំង ប្រដាប់អាវុធគ្រប់ភេទ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ អាជីវករ សិប្បករ ពាណិជ្ជករ ប្រមាណ១៤០០នាក់ ដែលនេះជាគំនិចផ្តួចផ្តើមរបស់ លោកបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត។
លោកអភិបាលខេត្តបានមានថ្លែងថា ថ្ងៃនេះជាថ្ងៃកំណើតទី២ គម្រប់ខួប៣៧ឆ្នាំ នៃមហាជ័យជំនះជាប្រវត្តិសាស្ត្រថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់រានឡើងវិញ បានទាន់ពេលវេលា។ គឺផ្អែកលើមូលដ្ឋានមហាជ័យជំនះនេះហើយ ទើបប្រជាជនកម្ពុជា ទូទាំងប្រទេសមានអ្វីៗនៅថ្ងៃនេះ និងមានអនាគត ប្រកបដោយក្តីសង្ឃឹម។
ក្នុងឱកាសដ៏មហានក្ខត្តប្ញក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវភក្តី និងកតញ្ញូតាធម៌ដ៏ជ្រាល ជ្រៅបំផុតជូនចំពោះ វីរៈភាព សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបូជាអស់កម្លាំងកាយចិត្ត ប្រាជ្ញា ញាណ និងលះបង់អាយុជីវិត ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូលពីរណ្តៅមរណៈ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងអភិវឌ្ឍ ប្រទេសឲ្យមានការរីកចំរើន ដូចសព្វថ្ងៃនេះ។
ការជួបជុំគ្នានៅល្ងាចនេះ ក្នុងស្មារតីចងចាំជានិច្ច នូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់បុព្វបុរស វីរយុទ្ធជន យុទ្ធនារី ស្នេហាជាតិនៅ គ្រប់ជំនាន់ ដែលបានពុះពារប្រយុទ្ធ ហ៊ានធ្វើពលិកម្មយ៉ាងក្លាហានអង់អាចបំផុត ដើម្បីការពារជាតិ មាតុភូមិ និងប្រជាជនឱ្យស្ថិតស្ថេរ គង់វង្សជារៀងរហូតមក។
នៅក្នុងពិធីនេះ មានរៀបចំជានំខួបកំណើតដែលមានចំនួន ៧ថ្នាក់ ទម្ងន់ ១៧៩ គីឡូ សំដៅរម្លឹងដល់ថ្ងៃ ៧ មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋទាំង ៤៧ម៉ឺននាក់នៅក្នុងខេត្តពោធិ៍សាត់ ដែលជាគំនិតផ្តួចផ្តើមផ្ទាល់របស់ លោក ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី ព្រមទាំង ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងខេត្តពោធិ៍សាត់៕