(ភ្នំពេញ)៖ ជាដំណឹងដ៏ល្អមួយសម្រាប់បងប្អូន កម្មករ កម្មការិនី គឺចាប់ពីឆ្នាំ២០១៦តទៅ កម្មករ-កម្មការិនី នឹងទទួលបានរបបថែទាំសុខភាព ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹត្យ ដាក់ឱ្យអនុវត្តរបបថែទាំសុខភាពដល់កម្មករ និងកម្មការិនីសម្រាប់ឆ្នាំ២០១៦ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យប្រចាំ បេឡារបបសន្តិសុខសង្គម ហៅកាត់ថា (ប.ប.ស) ថ្លែងប្រាប់អង្គភាព Fresh News នៅព្រលប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦។

លោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ នៃបសស និងជាអ្នកនាំពាក្យ ប.ស.ស បានបញ្ជាក់ថា៖ អនុក្រឹត្យស្តីពីការដាក់ឱ្យដំណើរការ របបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញាត្តិ នៃច្បាបស្តីពីការងារ។ ការដាក់ឱ្យដំណើការនេះ គឺប្រគល់ភារកិច្ចឱ្យអង្គភាព បសស នៃក្រសួងការងារ ជាស្ថាប័នមានសមត្ថកិច្ចតែមួយគត់ ក្នុងការអនុវត្តរបប សន្តិសុខសង្គម សម្រាប់កម្មករនិយោជិត។ នៅពេលរបបថែទាំសុខភាពនេះត្រូវបានដាក់ឱ្យដំណើរការហើយ គឺ បងប្អូន កម្មករ-កម្មការិនី ទៅទទួលសេវាពិនិត្យសុខភាព និងសេវាព្យាបាល ដោយឥតគិតថ្លៃពីមូលដ្ឋានសុខាភិបាលទាំង មន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន ដែលបានចុះកិច្ចព្រមព្រៀងផ្តល់សេវាឱ្យ ប.ស.ស ។ ការចំណាយលើការទូទាត់សេវាមន្ទីរពេទ្យជាបន្ទុក ប.ស.ស។

អ្នកនាំពាក្យរូបនោះបានបញ្ជាក់បន្ថែមថា ក្រោយពីទទួលបានដំណឹងនេះ កម្មករ កម្មការិនីបានសម្តែងការសាទរ និងសប្បាយរីករាយចំពោះការ ហត្ថលេខា លើអនុក្រឹត្យដាក់ឱ្យអនុវត្តរបបថែទាំសុខភាពដល់កម្មករ និងកម្មការិនីសម្រាប់ឆ្នាំ២០១៦ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានាពេលនេះ៕