(កណ្ដាល)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ រួមដំណើរជាមួយលោក គង់ សោភ័ណ្ឌ អភិបាលនៃគណអភិបាលខេត្តកណ្តាល មន្រ្តីជំនាញ និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះមកពិនិត្យសកម្មភាព និងវឌ្ឍនភាពនៃខ្សែច្រវាក់ផលិតកម្មបន្លែសុវត្ថិភាព (ការដាំ ប្រមូលផល និងការប្រមូលទិញតាមកិច្ចសន្យា) នៅស្រុកស្អាង។
ការចុះពិនិត្យនេះធ្វើឡើង ដើម្បីទាញយកចំណុចខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈមនានា ដែលអ្នកផលិតក៏ដូចជាឈ្មួញ ឬក្រុមហ៊ុនប្រមូលទិញកំពុងជួបប្រទះ រួចដាក់ចេញនូវយន្តការដោះស្រាយ ជាប្រព័ន្ធមួយច្បាស់លាស់ទាន់ពេល និងមានប្រសិទ្ធភាព ប្រយោជន៍បង្កើតសុខដុមនីយកម្មរវាងអ្នកផលិត និងអ្នកទិញ ធានាបាននូវផលិតភាពផលិតកម្មបន្លែ គុណភាព សុវត្ថិភាព និរន្តរភាពនៃការផ្គត់ផ្គង់ ស្ថិរភាពតម្លៃ ហើយពិតណាស់គឺធានាបាននូវសុខភាពសាធារណ:។
ក្នុងនោះលោករដ្ឋមន្រ្ដី និងអភិបាលខេត្តកណ្ដាល បានអញ្ជើញទៅពិនិត្យ នៅភូមិបារ៉ែនក្រោម ភូមិអូរំចេក និងភូមិពោធិប៉ាង ក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ដោយពិនិត្យដូចជា៖
១៖ ការដាំបន្លែ និងការប្រមូលផលដោយអនុវត្តតាមគោលការណ៍ «ការអនុវត្តកសិកម្មល្អ, Good Agriculture Practises, GAP» របស់អ្នកស្រី ឆេង ស្រីពៅ ដែលឧបត្ថម្ភដោយ គម្រោងស្តីពី «ការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE»។
២៖ ការដាំបន្លែក្នុងផ្ទះសំណាញ់របស់លោក ឃុត គីមអាង ជាសមាជិកបណ្តុំអាជីវកម្មបន្លែ សុវត្ថិភាព នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល។
៣៖ កន្លែងផលិតជីសរីរាង្គ និងថ្នាំកសិកម្មតាមបែបធម្មជាតិ របស់សមាជិកបណ្តុំ អាជីវកម្មបន្លែសុវត្ថិភាព។
៤៖ សកម្មភាពចុះប្រមូលទិញបន្លែរបស់ក្រុមហ៊ុន NAV តាមកិច្ចសន្យាពីលោក ទ្រី ណារ៉េត និងលោកស្រី ថេង ស្រីខួច ដែលពួកគាត់ជាសមាជិកបណ្តុំអាជីវកម្ម PGS។
៥៖ ពិនិត្យស្នាក់បណ្តុំអាជីវកម្មបន្លែសុវត្ថិភាព និងជាកន្លែងលក់សម្ភារកសិកម្ម។
៦៖ ពិនិត្យស្នាក់ការសហគមន៍កសិកម្មស្វាយប្រទាលក្នុងក្តីសង្ឃឹម។
៧៖ ការប្រមូលផលបន្លែរបស់សមាជិក សហគមន៍កសិកម្ម និងការប្រមូលទិញបន្លែ តាមកិច្ចសន្យារបស់ក្រុមហ៊ុន EAC។
បន្ទាប់ពីបានអញ្ជើញចុះពិនិត្យនៅគ្រប់ចំណុចទាំង៧ តាមកម្មវិធីខាងលើរួចមក លោករដ្ឋមន្ត្រីបានរកឃើញចំណុចវិជ្ជមានជាច្រើន ដែលបង្ហាញបញ្ជាក់ថា វិស័យផលិតកម្មបន្លែ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយបានរួមចំណែក ក្នុងការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម (២០១៩-២០២៣) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
ចំណុចយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលទាំងនោះមាន៖
១៖ កសិករយល់ច្បាស់ថាអ្វីជាបន្លែសរីរាង្គ និងសុវត្ថិភាព ហើយពួកគាត់អាចផលិតបាន។
២៖ ទទួលយកបច្ចេកវិទ្យាកសិកម្មទំនើប មកអនុវត្តមានដូចជា ដាំបន្លែក្នុងផ្ទះសំណាញ់ ប្រើប្រព័ន្ធ ដំណក់ និងសាច ប្រើប្រាស់ជី និងថ្នាំកសិកម្មត្រឹមត្រូវតាមបច្ចេកទេស ចេះសន្សំ និងផលិតជី និងថ្នាំសម្លាប់សត្វល្អិតតាមបែបធម្មជាតិ។
៣៖ បានយកគោលការណ៍ស្តីពី «ការអនុវត្តកសិកម្មល្អ (GAP)» មកអនុវត្ត។
៤៖ ការចងក្រងបណ្តុំអាជីវកម្ម លក់ចែកចាយធាតុចូលកសិកម្ម និងបង្កើតសហគមន៍ផលិតបន្លែ។
៥៖ បានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។
៦៖ សុខភាពអ្នកផលិត ក្រុមគ្រួសារ និងអតិថិជនទូទៅត្រូវបានកែលម្អ បានល្អប្រសើរជាលំដាប់។
៧៖ កំណើនប្រាក់ចំណូលក្នុងគ្រួសារ។
៨៖ សប្បាយចិត្តចំពោះជីវភាពប្រចាំថ្ងៃ ជួបជុំគ្រួសារ មានសុភមង្គល និងជាពិសេសពេញចិត្ត និងគាំទ្រចំពោះការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
បន្ទាប់ពីបានឃើញស្រុកស្អាង ត្រូវបានកែប្រែមុខមាត់ថ្មី ដោយសារកម្រិតជីវភាព ត្រូវបានលើកកម្ពស់ បច្ចេកទេសកសិកម្ម ត្រូវបានកសិករទទួលយកលោករដ្ឋមន្រ្តី និងលោកអភិបាលខេត្ត បានសម្តែងទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះ សមិទ្ធផលដែលប្រជាកសិករដែល ទទួលបាននាពេលនេះគឺ ផលដំណាំ ប្រាក់ចំណូល ការជួបជុំ និងសុភមង្គលក្នុងគ្រួសារ អ្វីទាំងនេះជាឆន្ទៈ និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី ចង់ឃើញប្រជាពលរដ្ឋមានជីវភាព សម្បូរសប្បាយរស់នៅជួបជុំគ្រួសារ សុខក្សេមក្សាន្ត និងមានសុភមង្គល។
ក្នុងនោះលោក វេង សាខុន បានលើកឡើងថា ជាក់ស្តែងសមិទ្ធផលទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់បងប្អូនផ្ទាល់ម្ចាស់ជំនួយ អ្នកអនុវត្តគម្រោងរួមផ្សំ ជាមួយការយកចិត្តទុកដាក់ អនុវត្តបច្ចេកទេសបានត្រឹមត្រូវ ហើយពិតណាស់គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងនយោបាយពេញលេញ ដែលបង្កលក្ខណ:ងាយស្រួល ឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពសុខដុមរមនា ប្រកបរបរធ្វើស្រែចំការ ចិញ្ចឹមសត្វ ត្រី និងដាំដំណាំតាមលទ្ធភាពរៀងៗខ្លួន ដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ។
លោកបានស្នើសូមឲ្យ ពលរដ្ឋខិតខំប្រឹងប្រែងបន្ថែមទៀត លើការបង្កបង្កើនផល ធ្វើយ៉ាណាបង្កើនបរិមាណផលិត ធានាគុណភាព លើកម្ពស់សមត្ថភាពកែច្នៃវិចខ្ចប់ ដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ កំណើនចំណូលគ្រួសារ និងកាត់បន្ថយភាពក្រីក្រ និងជាពិសេសកាត់បន្ថយការនាំចូល។
លោករដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរ ជួយធ្វើការបណ្តុះបណ្តាលបច្ចេកទេសបន្ថែម ហើយអគ្គនាយកដ្ឋានគួរ នាំយកគម្រោងថ្មីៗមកអនុវត្តនៅតំបន់នេះ ដោយផ្តោតជាសំខាន់ លើការប្រើប្រាស់ផ្ទះសំណាញ់ និងប្រព័ន្ធស្រោចស្រពបន្លែ ការអនុវត្ត GAP ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ធ្វើយ៉ាងណាបង្កើនការជឿទុកចិត្តពីអតិថិជន តាមរយៈគុណភាព និងសុវត្ថិភាពនៃផលិតផល។ ក្រៅពីនេះមន្ទីរគួរសិក្សាពី លទ្ធភាពបង្កើតកន្លែងប្រមូលផ្តុំបន្លែបន្ថែម ដើម្បីធានាបរិមាណផ្គត់ផ្គង់ និងគុណភាព ហើយក៏គួរពង្រឹងបច្ចេកទេសវេចខ្ចប់ និងផ្តល់ស្លាកសញ្ញាសម្គាល់ច្បាស់លាស់ និងជាពិសេសជំរុញការបង្កើតសេវា ផ្តល់ឥណទានក្នុងសហគមន៍របស់ខ្លួន ដើម្បីកាត់បន្ថយហានីភ័យកម្ចីឥណទានឯកជន ដែលមានការប្រាក់ខ្ពស់។
ចំពោះសំណើររបស់សហគមន៍ ដែលចងបានស្រះស្តុកទឹក មធ្យោបាយដឹកជញ្ជូន អគ្គិសនីបូម ទឹក លោករដ្ឋមន្ត្រីបានស្នើឱ្យអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ សិក្សាពីលទ្ធភាពដោះស្រាយតាមសំណើ ហើយករណីនេះលោកអភិបាលខេត្តថានឹងចូលរួមសហការពេញទំហឹងផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្នទូទាំងខេត្តកណ្តាល អាចផ្គត់ផ្គង់បន្លែគ្រប់ប្រភេទទៅកាន់ទីផ្សាររាជធានីភ្នំពេញបានចំនួន១៥០តោន៕