(ភ្នំពេញ)៖ គិតត្រឹមថ្ងៃ០១ ដល់ថ្ងៃ០៥ ខែមករា ឆ្នាំ២០១៦ កម្លាំងនគរបាលចរាចរណ៍ បានផាកពិន័យថវិកា បានជិត ៣៤០លានរៀលនៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍របស់បូកសរុបលទ្ធផលអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
របាយការណ៍ ដែល Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ បានឲ្យដឹងថា ការផាកពិន័យដែលបានមកពីការអនុវត្តច្បាប់ចរា ចរណ៍ផ្លូវគោកថ្មី ដែលចាប់អនុវត្តគិតចាប់ពីថ្ងៃទី០១ ខែ មករា ឆ្នាំ២០១៦។ ទឹកប្រាក់ដែលផាកពិន័យបាន ៣៣៩,៧២៧,០០០រៀល ក្នុងនោះបានមកពីការផាកពិន័យឡាន ដែលបង់ថវិការួចមានចំនួន ១៩៤, ១៧៨,០០០រៀល និង ការផាកពិន័យម៉ូតូបាន ១៤៥,៥៤៩,០០០រៀល។
សូមបញ្ជាក់ថា សម្រាប់ការផាកពិន័យនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ វិញ គឺមាន ៦២,០០០,០០០រៀល បានពីការផាកឡាន ៤០,៥៤៥,០០០រៀល និង បានពីការផាកម៉ូតូ ២១,៤៥៥,០០០រៀល។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃ។
ចំណែកគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ បានបណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិត ១០នាក់ (ក្នុងនោះមានស្រី ៣នាក់) និង រងរបួសធ្ងន់ ១១នាក់ រងរបួសស្រាល ២នាក់៕