(ភ្នំពេញ-កណ្ដាល)៖ បន្ទាប់ពីការរកឃើញជាបន្តបន្ទាប់នូវអាល់កុលក្លែងក្លាយ ក្នុងទីផ្សារប្រទេសកម្ពុជា កំឡុងពេលការរីករាលដាល នៃជំងឺ COVID-19 អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (កាំកុងត្រូល) នៃក្រសួងពាណិជ្ជកម្ម បានធ្វើការស្រាវជ្រាវ និងស៉ើបអង្កេតស្វែងរកទីតាំងលក់ ស្តុក និងប្រភពនាំចូល អាល់កុលក្លែង (មេតាណុល) ដែលមិនមានប្រសិទ្ធភាពសម្លាប់មេរោគឆ្លង និងបង្កជាហានិភ័យ ដល់សុខភាពអ្នកប្រើប្រាស់។
នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពី លោក ផាន អូន អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ យុទ្ធនាការទ្រង់ទ្រាយធំមួយ ត្រូវបានធ្វើឡើងក្នុងទឹកដីរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយសមត្ថកិច្ចចម្រុះបានរកឃើញ ទីតាំងសង្ស័យចំនួនពីរកន្លែង ស្តុកអាល់កុលក្លែងក្លាយ ត្រៀមលក់ចេញក្នុងទីផ្សារ។ អគ្គនាយកដ្ឋានជំនាញ ក៏បានបញ្ជូនរថយន្តពិសោធន៍ចល័តចំនួន២គ្រឿង ដើម្បីវិភាគដល់ទីតាំង ជាលទ្ធមន្ត្រីជំនាញ ពិតជាបានរកឃើញអាល់កុលក្លែងក្លាយ (មេតាណុល) ពិតប្រាកដមែន។
*ទីតាំងទី១ ស្ថិតនៅផ្ទះលេខ០២ ផ្លូវលេខ០១A បុរីពិភពថ្មីកំបូល៣ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយ លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រី នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ដោយមានការសហការពីគណៈបញ្ជាការឯកភាពខណ្ឌកំបូល កម្លាំងចម្រុះបានរកឃើញ អាល់កុលក្លែងក្លាយចំនួន១៥៥ធុង និង៥៦៣ប៊ីដុង។
*ទីតាំងទី២ ស្ថិតនៅផ្ទះលេខ១៨៨ ផ្លូវលេខ១៣A ក្នុងបុរីពិភពថ្មីកំបូល៣ ភូមិត្រពាំងសុក្រុម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល មន្ត្រីនៃអគ្គនាយកដ្ឋាន ដោយមានការសហការពីគណៈបញ្ជាការឯកភាពស្រុកអង្គស្នួល កម្លាំងចម្រុះបានរកឃើញ អាល់កុលក្លែងក្លាយចំនួន៦៩ធុង និង២០០ប៊ីដុង។ សរុបកម្លាំងចម្រុះ បានធ្វើការដកហូតយកអាល់កុលក្លែងក្លាយបាន ចំនួន២២៤ធុង និង៧៦៣ប៊ីដុង ស្មើនឹង៥៩,៤០២លីត្រ។
សមត្ថកិច្ចចម្រុះ ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញារង សម្រេចប្រគល់អាល់កុលក្លែងក្លាយ (មេតាណុល) ជូនអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ដើម្បីរក្សាទុក និងគ្រប់គ្រងបន្តតាមនីតិវិធី។ ចំពោះទីតាំងទាំង២ខាងលើ សមត្ថកិច្ចសម្រេចបិទទីតាំង ព្រមទាំងបន្តធ្វើការស្រាវជ្រាវ ស្វែងរកឃាត់ខ្លួនថៅកែ ដែលកំពុងរត់គេចខ្លួននោះហើយ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក៏បានធ្លាប់អំពាវនាវដល់សាធារណៈជន ជាពិសេសអាជីវករទាំងអស់ មេត្តាចូលរួមសហការ និងស្វែងយល់អំពីការប្រកបអាជីវកម្មដោយការទទួលខុសត្រូវ ជៀសវាងធ្វើឲ្យប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់។
ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋាន សូមណែនាំដល់អ្នកនាំចូលទំនិញ ត្រូវបង្ហាញឯកសារនាំចូល ចំពោះអាជីវករលក់ដុំ និងលក់រាយទាំងអស់ នៅពេលទទួលទំនិញ យកមកលក់បន្ត សូមសួររកឯកសារនៃការទិញលក់ ដូចជាវិក័យបត្រជាដើម ដើម្បីងាយស្រួលដល់សមត្ថកិច្ច តាមរកអ្នកផ្គត់ផ្គង់ផលិតផលទាំងនោះ (Trace back) និងស្វែងរកប្រភពនាំចូល ដើម្បីអគ្គនាយកដ្ឋានងាយស្រួល ក្នុងការកំណត់អត្តសញ្ញាណ ក្នុងការអនុវត្តច្បាប់៕