(ភ្នំពេញ)៖ ទារកអាយុ៤ខែ ដែលជាអ្នកជំងឺកូវីដ១៩ ដ៏ក្មេងជាងគេនៅក្នុងប្រទេសកម្ពុជា បានជាសះស្បើយហើយ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ទារកម្នាក់នេះ គឺជាកូនរបស់ជនជាតិបារាំង ដែលឆ្លងជំងឺកូវីដ១៩ ពីឪពុក បន្ទាប់មកម្តាយរបស់ទារកនេះ ក៏បានឆ្លងជំងឺកូវីដ១៩ផងដែរ។ ទារកនេះត្រូវបានរកឃើញថាឆ្លងមេរោគកូវីដ១៩ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយត្រូវបានដាក់ឱ្យសម្រាកនៅមន្ទីរពេទ្យកុមារជាតិ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១១៤ករណី ក្នុងនោះក៏មានអ្នកជំងឺកូវីដ៣៥នាក់ ត្រូវបានព្យាបាលជាសះស្បើយ ខណៈអ្នកជំងឺ៧៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទូទាំងប្រទេស៕