(បន្ទាយមានជ័យ)៖ ដើម្បីអបអរសាទរថ្ងៃជ័យជំនះ គំរប់ខួប៧មករា លើកទី៣៧ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងនគរបាលស្រុកស្វាយចេក និងវរ:ការពារព្រំដែនទាំង៤ ចុះជួយសាងសង់ និងជួសជុលផ្ទះប្រជាពលរដ្ឋ បន្ថែមទៀត នៅឃុំស្លក្រាម ស្រុកស្វាយចេក។
លោកឧត្តមសេនីយ៍ស្នងការ អាត់ ខែម បានបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋ ចំនួន៥ខ្នង ត្រូវបានសាងសង់រួច និងដូរគ្រឿងបន្លាស់ ដោយកែប្រែផ្ទះបស់ពួកគាត់ ពីដំបូលប្រកស្លឹកស្បូវ ទៅជាប្រកសង្ក័សី។
លោកឧត្តមសេនីយ៍ អាត់ ខែម បានថ្លែងថា ក្រោមការដឹកនាំពីលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយ ខេត្តបន្ទាយមានជ័យ លើការជំរុញឲ្យផ្ទះប្រជាពលរដ្ឋ ប្តូរពីប្រកស្លឹក ឫស្បូវនោះ លោកបានដឹកនាំកម្លាំងនគរបាល ចុះទៅជួសជុល និងសាងសង់ជាបន្តបន្ទាប់ តាមមូលដ្ឋាន ហើយនៅថ្ងៃនេះ គឺសកម្មភាព ដើម្បីអបអរសាទរថ្ងៃជ័យជំនះ៧មករា លើកទី៣៧ ៧មករា ១៩៧៩ - ៧ មករា ២០១៦។
ជាការឆ្លើយតបប្រជាពលរដ្ឋ ជាម្ចាស់ផ្ទះ បានថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះក្រុមការងាររបស់លោក ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងថ្នាក់ដឹកនាំខេត្ត៕