(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ បានព្រមានចាត់ការ រួមមានការដកហូតតំណែងជាដើម ចំពោះមន្រ្តីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិទាំងឡាយណា ដែលបានបើកដៃ ឬអនុញ្ញាតឲ្យជនបរទេសឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់។
ការព្រមានចាត់ការក្តៅទៅលើមន្រ្តីបើកដៃឲ្យជនបរទេសចូលមកកម្ពុជាដោយខុសច្បាប់ របស់នាយឧត្តមសេនីយ៍ សុខ ផល បាន ធ្វើឡើងក្នុងពេលអញ្ជើញធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ស្តីពីបញ្ហាអន្តោប្រវេសន៍ជូនដល់សិក្ខាកាម និង មន្ត្រីនគរបាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ។
នាយឧត្តមសេនីយ សុខ ផល បានព្រមានថា លោកនឹងបន្តចាត់វិធានការដោយគ្មានការលើកលែង ចំពោះបណ្តាមន្ត្រីប៉ុស្តិ៍នគរ បាលច្រកទ្វារព្រំដែនអន្តរជាតិ និងមន្ត្រីអសកម្មណា ដែលនៅតែបន្តបើកដៃឲ្យជនបរទេសឆ្លងដែនចូលមកកម្ពុជា គ្មានឯកសារកំណត់អត្តសញ្ញាណលិខិតឆ្លងដែន និង ទិដ្ឋាការឆ្លងដែនត្រឹមត្រូវ។
នាយឧត្តមសេនីយ សុខ ផល បានថ្លែងរំលឹកផងដែរថា កន្លងមកមាននគរបាលច្រកទ្វារព្រំដែននៅក្អមសំណរជាប់ព្រំដែនវៀតណាម ត្រូវបានដកតំណែង ដាក់ការពិន័យ និងបានបញ្ជូនឡើងទៅតុលាការផងដែរ បន្ទាប់ពីបានអនុញ្ញាតឲ្យជនបរទេសឆ្លងដែនចូលមកកម្ពុជា ដោយខុសច្បាប់។ លោកអគ្គនាយក ក៏បានបង្ហើបពីការដកតំណែងរបស់មន្រ្តីនគរបាលប៉ុស្តិ៍ច្រកទា្វរមួយចំនួនទៀត នៅតាមខ្សែបន្ទាត់ព្រំដែនថៃ ឡាវ និង វៀតណាម ដែលអសកម្មលើរឿងអន្តោប្រវេសន៍នេះ។
នាយឧត្តមសេនីយ៍ សុខ ផល ក៏បានបញ្ជាក់ផងដែរថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គស្នងការនគរបាលជាតិ បានសហការគ្នាយ៉ាងតឹងរឹង ដើម្បីរឹតបន្តឹងសន្តិសុខ និងទប់ស្កាត់ជនបរទេសលួចមកខុសច្បាប់នៅតាមខែ្សរបន្ទាត់ព្រំដែន និង ច្រករបៀងនានា។ សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានច្រកព្រំដែនអន្តរជាតិ ជាប់ជាមួយប្រទេសជិតខាងចំនួន ២៤ច្រក៕