(ភ្នំពេញ)៖ សម្ដេចព្រះវនរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី៣នៃកម្ពុជា និងលោកឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឍ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៦៨គ្រួសារ នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ការចុះចែកអំណោយនេះ ក៏ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋាន ក្នុងពេលដែលប្រទេសជាតិកំពុងរួមគ្នាទប់ស្កាត់នឹងការរាតត្បាតជំងឺ Covid-19។
អំណោយដែលសម្ដេចព្រះវនរ័ត ណយ ច្រឹក រួមជាមួយលោកឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឍ បាននាំយកទៅចែកជូនប្រជាពលរដ្ឋខាងលើនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មី ១កេះ ត្រីខ ១កេះ ទឹកស៊ីអ៉ីវ ១យួរ ទឹកត្រី ១យួរអាវ និងថវិកាចំនួន ១០ម៉ឺនរៀល និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
ឆ្លៀតឱកាសនោះ ឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឍ ក៏បានណែនាំ និងសំណូមពរជូនប្រជាពលរដ្ឋឱ្យចេះថែរក្សាអនាម័យ និងការពារជំងឺ Covid-19 តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕