(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបអនុម័តគម្រោងវិនិយោគធំៗថ្មីចំនួន៨ទៀត ដែលសរុបទុនវិនិយោគរហូតដល់ជាង៣៥០លានដុល្លារអាមេរិក។
ក្រុមប្រឹក្សាអភិវឌ្ឍន៍ជនបទ បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់ខ្លួនថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ AN RONG ZHI YE CO., LTD. គម្រោងបង្កើតរោងចក្រផលិតក្រដាសទ្រនាប់ពុម្ព (សម្លៀកបំពាក់ ស្បែកជើង កាបូប) ក្រដាសម៉ាកឃឺ និងក្រដាសវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤៩នាក់។
២៖ YON GUI AGRICULTURE TECHNOLOGY CO., LTD. គម្រោងបង្កើតរោងចក្រផលិតម្សៅមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង មានទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៣កន្លែង។
៣៖ JINTEK CELLS TECHNOLOGY CO., LTD. គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៧.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤៨កន្លែង។
៤៖ SHINE HANUMAN TRADING CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានទុនវិនិយោគប្រមាណ ១០.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៤កន្លែង។
៥៖ YQL (CAMBODIA) INVESTMENT CO., LTD. គម្រោងបង្កើតកសិដ្ឋានដាំដំណាំចេក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងកេត ឃុំព្រែកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ១២.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៨៦៧កន្លែង។
៦៖ XIGANGYIHAO INTERNATIONAL INVESTMENT CO., LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៣ ចំនួន៧១០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥៩.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦០កន្លែង។
៧៖ SING-SPECIALISTS MEDICAL CENTRE CO., LTD. គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពហុព្យាបាលជម្ងឺ ចំនួន៥០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ៨១ ភូមិ១០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៩៦.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៣កន្លែង។
៨៖ HANUMAN BEVERAGES CO., LTD គម្រោងបង្កើតរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ១៦០.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៤៥កន្លែង៕