(ឧត្តរមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តឧត្តរមានជ័យ ដើម្បីស្រាវជ្រាវរកប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅតាមបណ្តាស្រុកទាំង៥ និងរិះរកនូវវិធានការដោះស្រាយបញ្ហាប្រឈមនានា។
ក្នុងកិច្ចប្រជុំនេះលោកទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំថ្នាក់ដឹកនាំ មន្ត្រី អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងក្រុមការងារចុះជួយខេត្ត ត្រូវបន្តយកចិត្តទុកដាក់ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយត្រូវតែប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីដោះស្រាយបញ្ហាលំបាកកំពុងកើតមាន និងប្រឈមទៅថ្ងៃខាងមុខ។
លោកទេសរដ្ឋមន្ត្រី បានណែនាំក្រុមការងារត្រូវចុះទៅដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីនាំយកគ្រឿងឧបភោគ បរិភោគ ចែកជូនដល់ពួកគាត់ទៅទៀត និងផ្តល់សារអប់រំតាមវិធានរបស់ក្រសួងសុខាភិបាលជូនទៅប្រជាពលរដ្ឋ ដើម្បីការពារខ្លួនចៀសផុតពីការឆ្លងជំងឺកូវីដ១៩នេះ។ ទន្ទឹមគ្នានេះ ដើម្បីបង្កាមិនឱ្យមានការចម្លងជំងឺកូវីដ១៩ ពីពលរដ្ឋមកពីថៃទៅក្រុមគ្រួសារ និងក្នុងសហគមន៍នោះ លោកទេសរដ្ឋមន្ត្រី បានជំរុញឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ត្រូវយកចិត្តទុក្ខដាក់ក្នុងការចុះវាស់កម្តៅប្រជាពលរដ្ឋមកពីថៃនោះ និងណែនាំឱ្យពួកគេនៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃ។
បន្ថែមពីនោះលោកទេសរដ្ឋមន្ត្រី គន់ គីម បានចាត់ឱ្យក្រុមការងារចុះពិនិត្យមើលប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ដែលបណ្តាលឱ្យខូចខាតផ្ទះមួយចំនួន ដូចជារលំផ្ទះ របើកដំបូល និងខូចខាតរបស់របរផ្សេងៗមួយចំនួនទៀត។ លោក គន់ គីម ណែនាំគណៈបញ្ជាការឯកភាពស្រុកទាំង៥ត្រូវយកចិត្តទុក្ខដាក់ចុះទៅពិនិត្យ និងជួសជុលឡើងវិញជូនពួកគាត់អោយបានទាន់ពេលវេលា និងឧបត្ថមជូនពួកគាត់នូវស្បឿងអាហារ ដែកស័ង្ហសី និងដឹកនាំកម្លាំងកសាងផ្ទះជូនពួកគាត់អោយបានឆាប់រហ័សជៀសវាងការគ្មានផ្ទះសំរាប់ស្នាក់នៅ។
ក្រោយទទួលបានការណែនាំរួចមកថ្នាក់ស្រុក ឃុំ និងភូមិបានចុះទៅព្រមៗគ្នាដល់ខ្នងផ្ទះប្រជាពលរដ្ឋរងគ្រោះ និងបានពិនិត្យជាក់ស្តែងផ្ទះសំបែងនៅទីតាំងរងគ្រោះដោយខ្យស់កន្ត្រាក់ ភ្យុះភ្លៀង ដែលរងការខូតខាត។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងអំណរគុណដល់អង្គការ ការីតាសកម្ពុជា ដែលបានចូលរួមចំណែកឧបត្ថមនូវ សាប៊ូលាងដៃចំនួន៥,០០០ដុំ និងប័ណ្ណផ្សព្វផ្សាយស្តីពីការការពារពីជំងឺឆ្លងកូវីត-១៩ ចំនួន១,៦០០សន្លឹក សម្រាប់ប្រើប្រាស់ និងចែកជូនបងប្អូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងខេត្តឧត្តរមានជ័យ៕