(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងជាប្រធាន ស.ស.យ.ក ខណ្ឌដូនពេញ និងភរិយា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំយុវជនខណ្ឌ ដោយសហកាជាមួយ មន្ទីរពេទ្យបង្អែកចតុមុខ ចុះសាកសួរសុខទុក្ខ សំណេះសំណាល និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 ដល់បងប្អូនប្រជាពលរដ្ឋ នៅសហគមន៍ក្រីក្រ ក្នុងសង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញ។
ក្នុងពិធីសួរសុខទុក្ខ និងសំណេះសំណាលនេះលោក សុខ ពេញវុធ បានផ្ដាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន អំពីការថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់បងប្អូន ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវ COVID-19។
លោកអភិបាលខណ្ឌ ក៏បានណែនឲ្យបងប្អូនយើងប្រើប្រាស់ក្រមា ឬម៉ាស់ឱ្យបានត្រឹមត្រូវ និងលាងដៃជាមួយសាប៊ូ ឬ អាកុលអោយបានញឹកញាប់ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ មានអាការៈក្តៅខ្លួន ក្អកឈឺបំពង់ក ឬ ពិបាកដកដង្ហើម ឬមានការសង្ស័យ សូមទំនាក់ទំនងលេខទូរស័ព្ទ ១១៥ ជាបន្ទាន់ ឬទំនាក់ទំនងមកលោក តាមរយៈលេខទូរស័ព្ទចំនួន០២ខ្សែគឺ៖ ០១២ ២៥៦ ៨៦៨/០៩៧ ៧២ ៥៦ ៧៨៩ ឬទូរសព្ទ័មកលេខ៖ ០១២ ៩១៣៦៣១/០១៧ ៨៨៤៨៨៨។
ស្របនឹងកិច្ចសួរសុខទុក្ខ និងសំណេះសំណាលលោកអភិបាល ក៏បានចែកជូននូវអង្ករចំនួន ១០គីឡូក្រាម ក្នុងមួយគ្រួសារ និងមីយើង ០១កេស ព្រមទាំងសាប៊ូលាងដៃ ០៤ដុំតូច ផងដែរ៕