(ភ្នំពេញ)៖ នៅរយៈពេល៣ខែដំបូងឆ្នាំ២០២០នេះ កម្ពុជានាំចេញអង្ករបានប្រមាណជា២៣០,៩៤៨តោន មានកំណើនជាង៣៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។
ចំនួននៃការនាំចេញនេះ ត្រូវបានសហព័ន្ធស្រូវអង្ករកម្ពុជា គណនារកឃើញថា កម្ពុជាទទួលបានចំណូលប្រមាណជា១៦១លានដុល្លារអាមេរិក។
សហព័ន្ធស្រូវអង្ករបានបញ្ជាក់ថា «តាមការគណនាលើតម្លៃនៃការនាំចេញ FOB (តម្លៃគិតត្រឹមច្រកនាំចេញ) កម្ពុជាបានទទួលចំណូលពីការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ ប្រមាណជា១៦១លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ»។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងទៀតថា សម្រាប់ត្រីមាសទី១ នៃដើមឆ្នាំ២០២០នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករក្រអូបចំនួន៧៤% អង្ករសចំនួន២៤% អង្ករចំហុយ ចំនួន២% និងអង្ករសរីរាង្គចំនួន ២%។ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ អង្ករក្រអូបបានកើនចំនួន១៤% អង្ករសបានកើនចំនួន២៤៩% មានបរិមាណ៥៤,៤៧៦តោន បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០១៩ បានត្រឹមតែ១៥,៦០៥ តោនតែប៉ុណ្ណោះ។
នៅក្នុងរយៈពេល៣ខែមកនេះ ទិសដៅនាំចេញអង្ករសំខាន់របស់កម្ពុជា មានទៅកាន់ប្រទេសចិន៤៤% ស្មើនឹង ១០១,៣៤៥តោន, សហគមន៍អឺរ៉ុប ជាង៣០% ស្មើនឹង ៧០,០៤០តោន, ប្រទេសនៅក្នុងអាស៊ាន ជាង១២% ស្មើនឹង ២៨,៧៩៩តោន ហើយនឹងនៅតាមបណ្តាប្រទេសផ្សេងទៀត បាននាំចេញជិត១៤% ស្មើនឹង ៣០,៧៦៤តោន។
សម្រាប់ការនាំចេញអង្កររបស់ប្រទេសកម្ពុជា ក្នុងខែមីនា ឆ្នាំ២០២០ មានបរិមាណចំនួន ៩៤,៤៤៩តោន គឺមានកំណើនជិត១០% ធៀបទៅនឹងខែកុម្ភៈ ឆ្នាំ២០២០ ហើយបើប្រៀបធៀបទៅនឹងខែមីនា ដូចគ្នាក្នុងឆ្នាំ២០១៩វិញ ឃើញថាមានកំណើននាំចេញរហូតដល់៦២% ស្របពេលដែលខែមីនា ឆ្នាំ២០១៩ បាននាំចេញត្រឹមតែ ៥៨,៣៣៥ តោនតែប៉ុណ្ណោះ៕