(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រាប់គោលដៅមនុស្សធម៌ នៅក្នុងពេលតែមួយ ដោយបរិច្ចាគថវិកាសរុបចំនួន ៣០០០លានរៀល (ប្រហែល៧៥ម៉ឺនដុល្លារ) សម្រាប់ចូលរួមក្នុងកិច្ចការសង្គម និងមនុស្សធម៌។
បរិច្ចាគថវិកាសរុបចំនួន ៣០០០លានរៀល សម្រាប់ចូលរួមក្នុងកិច្ចការសង្គម និងមនុស្សធម៌ ដូចខាងក្រោម៖
១៖ ថវិកាចំនួន ៨០០លានរៀល សម្រាប់ចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
២៖ ថវិកាចំនួន២០០លានរៀល តាមរយៈសមាគមធនាគារនៅកម្ពុជា សម្រាប់ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
៣៖ ថវិកាចំនួន១២០០លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីទ្រទ្រង់ដល់ វិភាគទានសប្បុរសធម៌នៅកម្ពុជា។
៤៖ ថវិកាចំនួន ៨០០លានរៀល ជូនកាកបាទក្រហមកម្ពុជា ដើម្បីទ្រទ្រង់សកម្មភាព មនុស្សធម៌ និងជួយទ្រទ្រង់ដល់សកម្មភាពកាកបាទក្រហមកម្ពុជា។
បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានថ្លែងថា «សុខភាពរបស់ប្រជាពលរដ្ឋមានសារៈសំខាន់ណាស់ ពីព្រោះពួកគេជាកម្លាំងចលករ នៃការកសាងជាតិ និងរួមចំណែកក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ។ ប្រជាជនមានសុខភាពល្អ មានការចូលរួមកាន់សកម្ម ដើម្បីធ្វើឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន។ ហេតុដូចនេះ ធនាគារចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ជាមួយរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់សុខុមាលភាពសាធារណៈ ក្នុងការទប់ស្កាត់សភាពការណ៍គ្រោះភ័យ ដែលបង្កដោយជំងឺរីករាលដាលកូវីដ-១៩ និងបន្តការបរិច្ចាគថវិកាសម្រាប់ទ្រទ្រង់ដល់វិភាគទានសប្បុរសធម៌ មូលនិធិគន្ធបុប្ផាកម្ពុជា និងកាកបាទក្រហមកម្ពុជា ដែលធនាគារបានធ្វើឡើងជារៀងរាល់ឆ្នាំ»៕