(រតនគិរី)៖ លោក ងិន ណែល អភិបាលក្រុងបានលុង និងលោក អ៊ុក ស៊ីដេត ប្រធានក្រុមប្រឹក្សាក្រុងបានលុង នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានបន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការ ការពារ ទប់ស្កាត់ការីករាលដាលជំងឺផ្លូវដង្ហើមថ្មី COVID-19 ដើម្បីបង្ហាញពីស្មារតីរបស់អាជ្ញាធរក្រុងបានលុង ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺដ៏កាចសាហាវមួយនេះ។
ក្នុងយុទ្ធនាការនេះអាជ្ញាធរក្រុងបានលុង បានចែកជា ២ក្រុម ចុះអប់រំផ្សព្វផ្សាយចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសិល និងភូមិឡាប៉ូ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។ យុទ្ធនាការនេះក្រុមមន្រ្តីខាងលើ បានចុះផ្សព្វផ្សាយផ្ទាល់ និងអប់រំប្រជាពលរដ្ឋអំពីមេរោគ COVID-19 ក្រៅពីនេះក្រុមការងារក៏បានបិទ ខិតប័ណ្ណអប់រំ ផ្សព្វផ្សាយតាមផ្លូវ និងចុះអប់រំផ្ទាល់ដល់ប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះនីមួយៗផងដែរ។
យុទ្ធនាការដែលធ្វើឡើងក្នុងគោលបំណង រួមចំណែកឱ្យអស់ពីលទ្ធភាព និងតាមគ្រប់មធ្យោបាយក្នុងនាមជាអាជ្ញាធរ របស់រដ្ឋសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ចេះវិធីបង្ការ ទប់ស្កាត់នៃមេរោគកូវីដ-១៩។
គ្រប់ទីតាំងដែលបានចុះដល់មន្រ្តីទាំងអស់បានអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅពេលដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការសង្ស័យថា ខ្លួនបានឆ្លងជំងឺនេះ សូមចូលខ្លួនទៅឱ្យគ្រូពេទ្យនៅតាមមូលដ្ឋានពិនិត្យឱ្យបានឆាប់រហ័ស ដើម្បីមានវិធានការព្យាបាលបានទាន់ពេលវេលា ចៀសវាងកុំឱ្យមានការរីករាលដាល ទៅដល់ប្រជាពលរដ្ឋផ្សេងទៀត ដែលនៅជុំវិញខ្លួន និងសហគមន៍ដែលយើងរស់នៅ ហើយប្រសិនបើសង្ស័យថា មានជំងឺនេះ ត្រូវរាយការណ៍មកគ្រូពេទ្យជំនាញឱ្យបានឆាប់រហ័សបំផុត ដើម្បីក្រុមគ្រូពេទ្យធ្វើការពិនិត្យព្យាបាលឱ្យបានទាន់ពេលវេលា៕