(សៀមរាប)៖ កសាងឡើងដំបូងនៅសតវត្សរ៍ទី៧ ក្នុងរជ្ជកាលព្រះមហាក្សត្រិយ៍ជ័យទេវីទី១ នាចុងសម័យចេនឡា «ប្រាសាទអកយំ» មានទីតាំងស្ថិតនៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ ប្រាសាទឥដ្ឋនេះសាងសង់ឡើងតាមទម្រង់រចនាប័ទ្ម «កំពង់ព្រះ» ក្នុងបំណងឧទ្ទិសចំពោះព្រះសិវៈ (ព្រហ្មញ្ញសាសនា) ដែលក្រោយមកត្រូវបានចាត់ទុកថា រកឃើញដំបូងគេដោយជនជាតិបារាំងនៅឆ្នាំ១៩៣២ នាសម័យអាណានិគមបារាំង។
វត្តមានប្រាសាទបុរាណនេះបានបង្ហាញឱ្យដឹងថា ក្នុងតំបន់អង្គរ-សៀមរាបបច្ចុប្បន្ន ក៏ធ្លាប់មានសំណង់ស្ថាបត្យកម្មខ្លះដែរកាលពីសម័យបុរេអង្គរ ប៉ុន្តែមកដល់សម័យអង្គរប្រាសាទ និងសំណង់ស្ថាបត្យកម្មទាំងនោះ ក៏ត្រូវបានបាក់ស្រុតលិចក្រោមដី និងត្រូវបានលុបដោយសំណង់ថ្មីៗនាសម័យអង្គរ តួយ៉ាងដូចជាប្រាសាទអកយំនេះ ផ្នែកមួយចំនួនក៏ត្រូវបានកប់ក្រោមដី ទំនប់ខាងត្បូងនៃបារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា ក្នុងពេលកសាងឡើងនារជ្ជកាលព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០-១០៦៦)។
បើតាមអាជ្ញាធរជាតិអប្សរា ដំណើរការជួសជុលប្រាសាទអកយំមកដល់ឆ្នាំ២០២០នេះ មានរយៈពេលជិតមួយឆ្នាំហើយ ដែលក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានប្រឹងប្រែង សង្គ្រោះឱ្យរួចផុតពីហានីភ័យ ដើម្បីឱ្យបុរាណដ្ឋានមួយនេះមានភាពរឹងមាំ ស្រស់ស្អាត និងចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ សម្រាប់ទទួលស្វាគមន៍ទេសចរគ្រប់ទិសទីមកទស្សនាឱ្យបានច្រើនកុះករ។
លោក ជា សុជាតិ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងបានឱ្យដឹងថា ប្រាសាទអកយំរងនូវការខូចខាតតាំងពីមុនបារាំងរកឃើញមកម្ល៉េះ ដោយសាររចនាសម្ពន្ធមួយផ្នែកនៃប្រាសាទត្រូវបានកប់ក្រោមខ្នងទំនប់បារាយណ៍។ មិនតែប៉ុណ្ណោះ ដើមឈើ និងឫសរបស់វាក៏បានដុះចាក់ឫសបំផ្លាញប្រាសាទ កម្សោយរចនាសម្ពន្ធគ្រឹះមិនអាចទ្រទម្ងន់សង្កត់របស់តួប្រាសាទទាំងមូល ការលួចជីករកវត្ថុបុរាណ ឥដ្ឋពុកផុយ ការបំផ្លាញដោយបរិស្ថានមានរុក្ខជាតិ ស្លែ ទឹក សីតុណ្ហភាព អាកាសធាតុ រំញ័រយានយន្តដែលបរកាត់បុរាណដ្ឋាន បាយអរអស់គុណភាព និងកង្វះការថែទាំជាដើម។
ដើម្បីសង្គ្រោះប្រាសាទនេះឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាបានជួសជុលទៅតាមដំណាក់កាល។ ដំណាក់កាលទី១ សម្អាតប្រាសាទ ត្រួសត្រាយព្រៃ សម្អាតកំណកដី សម្រង់ប្លង់ជុំវិញប្រាសាទ និងពង្រឹងខឿនខាងត្បូងនៃប្រាង្គកណ្តាល។ ដំណាក់កាលទី២ ក្រុមការងារបន្តពង្រឹងប្រាង្គកណ្តាល ពង្រឹង និងជួសជុលខឿនផ្នែកខាងត្បូង ខាងលិច ខាងកើត និងខាងជើង។ នៅផ្នែកខាងជើង ក្រុមការងារបានដំឡើងស៊ុមទ្វារដែលធ្វើពីថ្មភក់ឱ្យឈរឡើងវិញ ដែលគេបានធ្វើបន្ថែមលើសំណង់ចាស់កាលពីស.វ.ទី១០ឱ្យដូចដើម។
បន្តពីនោះ ក្រុមការងារបានដកដើមពោធិ៍ រើរានព្រះភូមិនៅផ្នែកខាងកើត ដែលជាច្រកចូលដ៏សំខាន់ ហើយពង្រឹងខឿនទី៣ និងកម្រាលខឿនដែលឫសពោធិ៍បានចាក់ចូលធ្វើឱ្យខូចខាត រួចហើយពង្រឹង និងជួសជុលខឿនប្រាង្គ ដំឡើងកាំជណ្តើរថ្មភក់និង ដាក់បង្កាន់ដៃឥដ្ឋសងខាង។ ចំណែកនៅកណ្តាលប្រាង្គ ក្រុមការងារបានរៀបចំពង្រឹងជើងទម្រ និងលើកបំណែកជើងទម្រមកដាក់នៅទីតាំងដើមវិញ។
ប្រធានគម្រោងរូបនេះបានបញ្ជាក់ថា គោលបំណងនៃការជួសជុលប្រាសាទអកយំ គឺដើម្បីរួមចំណែកលើកតម្លៃប្រាសាទនេះឱ្យផុតពីការបំផ្លាញរបស់ធម្មជាតិ បរិស្ថាន និងមនុស្ស ឱ្យសមតម្លៃជាបេតិកភណ្ឌពិភពលោក។
លោក សុជាតិ សង្ឃឹមថា ក្រោយបញ្ចប់គម្រោងជួសជុលក្នុងពេលឆាប់ៗខាងមុខ នឹងមានភ្ញៀវទេសចរស្គាល់ច្រើន មកទស្សនាច្រើនដូចបារាយណ៍ដែរ ដើម្បីសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រ បរិស្ថាន ការជួសជុល សំណង់ប្រាសាទភ្នំដែលមានវ័យចំណាស់ជាងគេនៅក្នុងតំបន់រមណីយដ្ឋានអង្គរ៕