(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សួស អង្គារ៍ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រកាសបរិច្ចាគប្រាក់បៀវត្សជារដ្ឋលេខាធិការរបស់ខ្លួនចំនួន៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីចូលរួមដោះស្រាយការលំបាកទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
យោងតាមតារាងប្រាក់បៀវត្សរបស់មន្ត្រីរាជការ បានបង្ហាញមន្ត្រីរាជការក្នុងតំណែងជាអនុរដ្ឋលេខាធិការទទួលបានប្រាក់បៀវត្សប្រមាណ ២,៨០០,០០០រៀលក្នុងមួយខែ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់បៀវត្សរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។
ប្រាក់បៀវត្សនាយករដ្ឋមន្ត្រីកម្ពុជា មានប្រមាណ១០លានរៀល ក្នុង១ខែ ខណៈប្រាក់ខែឧបនាយករដ្ឋមន្រ្តី ៨លាន ប្រាក់ខែទេសរដ្ឋមន្រ្តីចំនួន៦លាន និងរដ្ឋមន្ត្រីមានប្រមាណ៥លានរៀលក្នុង១ខែ។
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ គេបានសង្កេតឃើញមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប បានសម្រេចបរិច្ចាគប្រាក់បៀវត្សប្រចាំខែរបស់ខ្លួន ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះផងដែរ ដើម្បីដោះស្រាយការលំបាករបស់ជាតិក្នុងពេលរងការរាតត្បាតដោយជំងឺកូវីដ១៩៕