(ឧត្តរមានជ័យ)៖ ទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ បានសម្តែងក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហេង ហាំងម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន «ឡាក់គី ម៉ល» ដែលបានជួយឧបត្ថម្ភអង្ករចំនួន ១៥តោនជូនដល់ប្រជាពលរដ្ឋជួបការខ្វះខាតនៅក្នុងខេត្តឧត្តរមានជ័យ ដោយសារឥទ្ធិពលជំងឺកូវីដ១៩។
ក្នុងលិខិតថ្លែងអំណរគុណដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទឹកចិត្តប្រកបដោយមនុស្សធម៌របស់លោក ហាំងម៉េង បានសបញ្ជាក់ឱ្យឃើញច្បាស់នូវទឹកចិត្តសប្បុរសធម៌ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលំបាក និងការខ្វះខាតរបស់ប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅក្នុងខេត្តឧត្តរមានជ័យ មានប្រជាពលរដ្ឋដែលជួបការលំបាក និងខ្វះខាត បណ្តាលមកឥទ្ធិពលជំងឺកូវីដ ហើយធ្វើឱ្យបាត់ចំណូលនោះ មានជាង ១ម៉ឺនគ្រួសារ។
លោកទេសរដ្ឋមន្ត្រី ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ និងក្រុមការងារដទៃទៀត បាននិងកំពុងធ្វើសកម្មភាពសស្រាក់សស្រាំចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដោយនាំទៅជាមួយស្បៀងអាហារ គ្រឿងឧបភោគ បរិភោគនានា ចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតទាំងនោះ ដើម្បីពួកគាតដោះស្រាយក្នុងជីវភាព។ ក្រៅពីផ្តល់ស្បៀងអាហារ ក៏មាននូវការផ្តល់ជូនក្រមា និងអប់រំពីវិធីការពារជំងឺកូវីដ តាមវិធានរបស់ក្រសួងសុខាភិបាលដែលបានណែនាំផងដែរ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា រូបលោក និងក្រុមការងារ ក្រៅពីផ្តល់ស្បៀងអាហារនេះ រូបលោកកំពុងរិះរកនូវមធ្យោបាយនានា ដើម្បីផ្តល់ជាប្រភពចំណូលដល់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយជីវភាព ដូចជាការដាំដុះបន្លែ និងចិញ្ចឹមសត្វជាដើម៕