(ឧត្តរមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះសួរសុខទុក្ខ និងផ្តល់រទេះរុញមួយគ្រឿង ដល់អតីតយុទ្ធជនមានពិការភាពរស់នៅភូមិអូរគគីលើ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
អតីតយុទ្ធជនដែលលោកទេសរដ្ឋមន្ត្រីចុះសុខទុក្ខ និងផ្តល់រទេះរុញជូននេះ មានឈ្មោះ ហ៊ុន វឿត អាយុ ៥៩ឆ្នាំ រស់នៅភូមិ អូរគគីលើ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ លោក ហ៊ុន វឿត ពិការជើងម្ខាង ដៃម្ខាង និងភ្នែកម្ខាង។
ដោយមើលឃើញពីការលំបាក លោកទេសរដ្ឋមន្ត្រី ក៏បានផ្តល់រទេះរុញចំនួន១គ្រឿង និងបានផ្តល់គ្រឿងឧបភោគ បរិភោគមួយចំនួន។ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំក្រុមការងារយុវជនស្រុកអន្លង់វែង ដឹកនាំដោយ លោក ងួន ទ្ធីរិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែង ជួសជុល និង កែលំអរផ្ទះនេះជូនអតីតយុទ្ធជនមានពិភារភាពរូបនេះឱ្យរស់នៅបានសមរម្យផងដែរ។
លោក ហ៊ុន វឿត បានបង្ហាញក្តីរំភើប និងរីករាយ ក្រោយទទួលបានការចុះសួរសុខទុក្ខ និងផ្តល់រទេះដោយផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ គន់ គីម។
លោកបានថ្លែងអំណរគុណដល់លោក គន់ គីម និងក្រុមការងារទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ និងដោះស្រាយរាល់ការលំបាកក្នុងជីវភាពរបស់លោក៕