(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ គឺជាទិវាអូទីស្សឹមពិភពលោក។ កម្ពុជា តែងតែប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ដើម្បីបំផុត និងជំរុញការយកចិត្តទុកដាក់ទៅបញ្ហាអូទីស្សឹមនៅក្នុងប្រទេសកម្ពុជា។
តែឆ្នាំ២០២០នេះដោយសារបញ្ហា COVID-19 ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ រួមជាមួយសមាជិកបណ្តាអូទីស្សឹមកម្ពុជាទាំងអស់ បានសម្រេចលើកពេលប្រារព្ធទិវានេះ ជាបណ្តោះអាសន្នសិន។
បើទោះបីជាឆ្នាំ២០២០នេះ កម្ពុជាមិនបានប្រារព្ធទិវាអូទីស្សឹមយ៉ាងណាក្តី តែលោក ចាន់ សារិន ប្រធានបណ្តាញអូទីស្សឹមកម្ពុជា បានអំពាវនាវដល់រាជរដ្ឋាភិបាល អ្នកពាក់ព័ន្ធ រួមទាំងអាណាព្យាបាល រួមគ្នាយកចិត្តទុកដាក់ទៅបញ្ហាអូទីស្សឹម។
ឆ្លៀតក្នុងឱកាសនេះ លោក ចាន់ សារិន ក៏គោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើកុមារអូទីស្សឹមនៅកម្ពុជា ហើយតែងផ្តល់ការឧបត្ថម្ភទាំងស្បៀងអាហារ និងថវិកាជាដើម។
អូទីស្សឹម គឺជាវិបត្តិនៃការលូតលាស់មិនត្រឹមត្រូវរបស់កុមារ ទាំងផ្នែកបញ្ញា សតិ ស្មារតី អាកប្បកិរិយា (យោលខ្លួន ឬអាចសើចឬយំ ដោយគ្មានហេតុផល) គ្មានការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ សូម្បីតែតាមរយៈក្រសែភ្នែក។ ក្មេងមានអូទីស្ម ហាក់ដូចជារស់នៅក្នុងពិភពមួយដាច់ពីគេឯង ពិបាកចូលចុះក្នុងសង្គម។
ជាញឹកញយមនុស្ស ឬកុមារមានជំងឺអូទិស្សឹម មានញាណពិសេស ឆាប់ទទួលអារម្មណ៍ ពិបាកទ្រាំនឹងសំឡេង ក្លិន ឬញាណផ្សេងៗទៀត។ លក្ខណៈពិសេសផ្នែកញាណអាចធ្វើគេបញ្ចេញប្រតិកម្មចម្លែក ប្លែកខុសពីមនុស្សដទៃ ប្រតិកម្មបែបកាច មិនសមហេតុផល ឬជ្រុលហួសហេតុ ដូចជាស្រែកខ្លាំងៗ មានកាយវិការច្រងេងច្រងាង ឬហិង្សា… បោកក្បាលនឹងជញ្ជាំង។ល។ និង។ល។
ពិបាកយល់ ពិបាកបញ្ចេញមតិ មិនចេះស្រដី ចូលរួមចំណែកយ៉ាងខ្លាំងនាំឱ្យក្លាយទៅជាមានបញ្ហាផ្នែកអាកប្បកិរិយា។ មានអូទិស្ម មនុស្សនឹងមានការលំបាកក្នុងការនិយាយស្តី ក្នុងការបញ្ចេញអារម្មណ៍ដែលមានក្នុងចិត្ត ដូចជាមិនអាចសម្តែងការឈឺចាប់ ខឹងសម្បារក្នុងអារម្មណ៍បានឡើយ គឺចាំតែបញ្ចេញប្រតិកម្មនៅពេលទប់លែងជាប់។ ដូច្នេះ មនុស្សបែបនេះអាចមានគ្រោះធ្ងន់ធ្ងរ ទាក់ទងនឹងបញ្ហាសុខភាពប្រចាំកាយដែលគេមិនអាចមើលឃើញបាន។ ការព្យាបាលនិងត្រួតពិនិត្យតាមដានសុខភាពមនុស្សមានអូទិស្មជាប់នឹងខ្លួនជាការកិច្ចការប្រឈមខ្លាំងណាស់សម្រាប់សុខភាពរបស់ពួកគេ។
ក្នុងករណីមានបញ្ហាអូទិស្មធ្ងន់ធ្ងរ គឺប្រៀបដូចជាមនុស្សមានភាពពិការជាប់នឹងខ្លួនយ៉ាងដូច្នោះ។ គេសង្កេតឃើញមានករណីកុមារាកើតជំងឺអូទីស្ម ច្រើនជាងកុមារី ដល់ទៅបួនដង៕