(ភ្នំពេញ)៖ លោក ជា អូន រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ថា រដ្ឋាភិបាលស្វីស និងបារាំង បញ្ជូនយន្តហោះពិសេសចំនួន២គ្រឿង មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីដឹកភ្ញៀវទេសចរ ដែលជាពលរដ្ឋរបស់ខ្លួន ពីកម្ពុជាត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ ក្រោយជាប់គាំងគ្មានជើងហោះហើរ។
លោក ជា អូន បានបញ្ជាក់ថា ដោយមានការខិតខំប្រឹងប្រែង ពីរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បណ្ឌិត ម៉ៅ ហាវណ្ណាល់ និងក្រសួងការបរទេស ជួយសម្របសម្រួលនោះ យន្តហោះពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ Swiss International Arilines មួយគ្រឿង ប្រភេទ Airbus A340 បានចុះចតនៅអាកាសយានយន្តដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោងប្រមាណ៣ រសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ដោយមកដឹកភ្ញៀវទេសចរជនជាតិអាល្លឺម៉ង់ ស្វីស និងអឺរ៉ុបមួយចំនួន ឆ្ពោះទៅកាន់ប្រទេសរបស់ពួកគេវិញ បន្ទាប់ជាប់គាំដោយសារគ្មានជើងហោះ។
លោកបន្តថា យន្តហោះប្រភេទ Airbus A340 ដែលហោះហើរមកកម្ពុជាជាលក្ខណៈការទូតនេះ នឹងចាកចេញពីកម្ពុជា នៅម៉ោង៨ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។
លោករដ្ឋលេខាធិការប្រចាំការបានបន្ថែមថា សម្រាប់នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នៅម៉ោងប្រមាណ១២រសៀល រដ្ឋាភិបាលបារាំង នឹងបញ្ជូនយន្តហោះមួយគ្រឿងទៀត ប្រភេទយន្តហោះ Boing 747 មកចុះចតនៅរាជធានីភ្នំពេញផងដែរ ក្នុងរូបភាពការទូត ដើម្បីមកដឹកជញ្ជូនជនជាតិបារាំង ដែលនៅសេសសល់ចុងក្រោយបំផុត ដែលជាប់គាំងគ្មានជើយហោះហើរដែរ។ យន្តហោះរបស់រដ្ឋាភិបាលបារាំងនេះ ត្រូវហោះទៅកាន់ប្រទេសបារាំង នៅរសៀល ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០៕