(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ជាវិស័យអាទិភាពយ៉ាងសំខាន់ សម្រាប់ជំរុញការអភិវឌ្ឍប្រទេស។
ការគូសបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងឱកាសដែល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ រដ្ឋមន្រ្តីថ្មី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយលោក ជា វ៉ាន់ដេត ជំនួសលោក ត្រាំ អ៊ីវតឹក។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ជាវិស័យអាទិភាពយ៉ាងសំខាន់បំផុតមួយ សម្រាប់ជំរុញការអភិវឌ្ឍប្រទេស ដូចដែលមានកំណត់ នៅក្នុងយុទ្ធសាស្ដ្រចតុកោណ-ដំណាក់កាលទី៤។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានធ្វើការគូសរំលេច នូវកិច្ចការជាអាទិភាពសំខាន់ៗមួយចំនួន សម្រាប់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្ដោតការយកចិត្តទុកដាក់ ក្នុងរយៈពេលមធ្យម និងវែង ដូចខាងក្រោម៖
១៖ ការបន្ដពង្រឹងមុខងារ ភារកិច្ច រចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួង ព្រមជាមួយការលើកកម្ពស់ ប្រសិទ្ធភាពការងារ។ ការពង្រឹងភាពជាអ្នកដឹកនាំ ស្មារតីម្ចាស់ការប្រកប ដោយការទទួលខុសត្រូវខ្ពស់ ការរៀបចំនិងអនុវត្តហ្មត់ចត់នូវក្រមប្រតិបត្តិសម្រាប់បំពេញការងារ និងទំនាស់ផលប្រយោជន៍ នៅក្នុងការបំពេញការងារ របស់មន្រ្តីរាជការនិយោជិត។
២៖ ជំរុញការសម្រួចសមត្ថភាពធនធានមនុស្សពីគុណភាព សមត្ថភាពជំនាញ និងទេពកោសល្យ សំដៅពង្រឹងសមត្ថភាពក្នុងការដឹកនាំ និងគ្រប់គ្រងក្នុងបរិបទឌីជីថល នីយកម្ម។ ការសម្រឹតសម្រាំងរកមន្រ្តីមានសមត្ថភាព និងគុណវឌ្ឍល្អប្រសើរ សម្រាប់ការតែងតាំង មុខតំណែងដឹកនាំគ្រប់កម្រឹត។ ជំរុញការប្រើប្រាស់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ដើម្បីលើកកម្ពស់ការគ្រប់គ្រងព័ត៌មាន និងទិន្នន័យដល់មន្រ្តីរាជការ។
៣៖ បន្តការធ្វើកំណេទម្រង់លើកកម្ពស់សមត្ថភាពស្ថាប័ន និងការពង្រឹងប្រសិទ្ធភាពអនុវត្តការងារ។ ជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដែលបានកំណត់ ក្នុងកម្មវិធីការងាររបស់ក្រសួង។ ពិនិត្យកែសម្រួល ឬធ្វើវិសោធនកម្ម ឲ្យបានសមស្របឡើងវិញនូវច្បាប់ លិខិតបទដ្ឋានគតិយុត្តធរមានមួយចំនួន ដើម្បីឲ្យស្របតាម ការអភិវឌ្ឍនៃ ICT។
៤៖ ចំពោះវិស័យប្រៃសណីយ៍ បន្តយកចិត្តទុកដាក់កែលំអរ ធ្វើការសិក្សាអំពីការដាក់ទុនវិនិយោគ ក្នុងការបំពាក់បច្ចេកវិទ្យាថ្មីៗ និងជំរុញការដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យា និងព័ត៌មាន (E-Commerce) ។ ការបង្កើនបរិមាណចែកចាយបញ្ញើក្នុងស្រុក ឲ្យកាន់តែទូលំទូលាយ និងជំរុញការធ្វើប្រតិបត្តិការ បណ្តាញប្រៃសណីយ៍អន្តរជាតិ។
៥៖ ចំពោះវិស័យទូរគមនាគន៍ និង ICT បន្តការពង្រឹង និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគន៍ប្រកបដោយគុណភាពទំនើប និងផ្តល់សេវាគ្របដណ្តប់ ទូទាំងប្រទេស ក្នុងយុគ្គសម័យឌីជីថលភាវូបនីយ៍កម្ម កំពុងជះឥទ្ធិពលជាវិជ្ជមាន ក្នុងគ្រប់វិស័យសំខាន់ៗ នៃសេដ្ឋកិច្ចជាតិ។
* ជំរុញ និងលើកទឹកចិត្ត ចំពោះប្រតិបត្តិករ ទូរគមនាគមន៍ ចូលរួមបំពេញភារកិច្ចបង់វិភាគទានចូលរួមមូលនិធិ USO។
* ពន្លឿនការអនុវត្តគម្រោង តាមការអនុម័ត របស់ក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ច សេវាសកល USO ក្នុងការសាងសង់ស្ថានីយ៍ទូរស័ព្ទចល័ត ចំនួន២០កន្លែង តាមតំបន់ព្រំដែន នៅទីតាំងភូមិសាស្ត្រ ដែលមិនទាន់បានគ្របដណ្តប់សេវា ឬសេវាខ្សោយក្នុងគោលដៅពង្រីកតួនាទីខ្លាំងក្លាបន្ថែមទៀត ដើម្បីបម្រើដល់ការទំនាក់ទំនង ការផ្លាស់ប្តូរព័ត៌មាន និងចំណេះដឹង រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។
* បន្តរៀបចំ និងអភិវឌ្ឍប្រព័ន្ធរដ្ឋាភិបាលអេឡិកត្រូនិក (រដ្ឋាភិបាលឌីជីថល) ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពង្រីកសមត្ថភាព នៃប្រព័ន្ធតាមដានត្រួតពិនិត្យ និងគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងជំរុញការគ្រប់គ្រងការបែងចែក និងការផ្តល់អាជ្ញាបណ្ណហ្រ្វេកង់ស៍ ប្រកបដោយប្រសិទ្ធភាព សម្រាប់បម្រើឲ្យសេវា ICT ។
៦៖ បន្តចូលរួមអនុវត្តយ៉ាងសកម្ម ការកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឲ្យកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល និងជំរុញការកែទម្រង់ ការគ្រប់គ្រងផ្ទៃក្នុង ក្រសួងពាក់ព័ន្ធ និងការគ្រប់គ្រងហិរញ្ញវត្ថុ ខិតខំប្រមូលចំណូល ជំរុញការងារទាបំណុល និងរក្សាការពារទ្រព្យសម្បត្តិជាតិ តាមរយៈការរៀបចំឲ្យបានទាន់ពេល និងពង្រឹងការគ្រប់គ្រងឲ្យបានល្អ នូវបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ។
Pa Chetha, [02.04.20 15:36]
៧៖ រៀបចំវិទ្យាស្ថានជាតិ ឲ្យក្លាយទៅជាគ្រឹះស្ថានសាធារណៈ ពង្រឹងតួនាទី ក្នុងការដឹកនាំ គ្រប់គ្រង និងសកម្មភាពបណ្តុះបណ្តាល របស់វិទ្យាស្ថានជាតិ ក្នុងការកសាង និងអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ប្រកបដោយគុណភាព និងសមត្ថភាពជំនាញពាក់ព័ន្ធវិស័យ ICT ឆ្លើយតបទីផ្សារការងារ នៃយុគ្គសម័យសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី ៤.០ និងជំរុញឲ្យវិទ្យាស្ថាននេះ ក្លាយទៅជាមជ្ឈមណ្ឌលរបស់ជាតិមួយ សម្រាប់ជាទីតាំងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល ដើម្បីជួយដល់វិស័យផ្សេងៗដទៃទៀត។ បន្តសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះ ICT ដល់សិស្សមធ្យមសិក្សា។
៨៖ បន្តលើកកម្ពស់កិច្ចសហការ ឲ្យបានជិតស្និតជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករទូរគមនាគមន៍ និងវិស័យឯកជន ក្នុងការអភិវឌ្ឍ តាមរយៈការជំរុញធ្វើការ វិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងជំរុញការបញ្ចូល បច្ចេកវិទ្យាថ្មីៗ៕