(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានផ្ញើលិខិតចំហរមួយ ជូនដល់អ្នកបញ្ជាទិញទំនិញទាំងអស់ពីកម្ពុជា មេត្តាធ្វើការជាមួយគ្នា ក្នុងកំឡុងពិភពលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងជួបប្រទះការរីករាលដានៃជំងឺ Covid-19 ដើម្បីអាចរួមគ្នាដោះស្រាយបញ្ហាលំបាកនេះ។
យោងតាមលិខិតចំហររបស់ GMAC ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា «ការឆ្លងរាលដាលជាសកលនៃជំងឺ Covid-19 បានធ្វើឲ្យមានចលាចលដល់ជីវិតរស់នៅ និងអាជីវកម្មរបស់យើងទាំងអស់គ្នា។ សមាគមរោងចក្រកាត់ដេរ សូមអំពាវនាវ ដល់អ្នកបញ្ជាទិញទាំងអស់ ដែលទិញពីកម្ពុជា មេត្តាធ្វើការងារជាមួយយើង ដើម្បីយើងទាំងអស់គ្នាអាចដោះស្រាយ បញ្ហាលំបាកទាំងនេះបាន»។
ភាគីទាំងអស់នៅក្នុងចង្វាក់ផ្គត់ផ្គង់សម្លៀកបំពាក់សកល កំពុងទទួលរងបន្ទុកដ៏ធ្ងន់ក្រៃលែង ដែលបង្កឡើងដោយជំងឺ Covid-19។ ទោះបីយ៉ាណាក្ដីក្រុមហ៊ុនផលិត (រោងចក្រ) ប្រតិបត្តិការលើប្រាក់ចំណូលតិចតួច មានសមត្ថភាពតិចតួចខ្លាំងណាស់ ក្នុងការរែកបន្ទុកបែបនេះ បើធៀបនឹងអតិថិជនរបស់យើង (អ្នកបញ្ជាទិញ)។ នេះបើតាមលិខិតរបស់ GMAC។
សមាគមក៏ សូមជំរុញអ្នកបញ្ជាទិញ មេត្តាគោរពតាមលក្ខខណ្ឌ នៃកិច្ចសន្យាទិញរបស់ខ្លួន ហើយបំពេញកតព្វកិច្ច ដោយទទួលយការដឹកទំនិញហើយទូទាត់ប្រាក់ សម្រាប់ទំនិញដែលបានផលិតរួចហើយ និងទំនិញដែលបច្ចុប្បន្នកំពុងផលិតទាំងនេះ នឹងធ្វើឲ្យយើងអាចបន្ដផ្ដល់ការងារដល់កម្មករ ៧៥០,០០០នាក់ និងធ្វើឲ្យយើងមានសមត្ថភាពបើឈ្នួលជូនកម្មករ និងធានាដល់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់។
សមាគមសូមអំពាវនាវ ដល់អ្នកបញ្ជាទិញទាំងអស់ មេត្តារក្សាការទទួលខុសត្រូវ ចំពោះអ្នកផ្គត់ផ្គង់ និងកម្មករដែលបម្រើការងារ ក្នុងវិស័យរបស់យើង៕