(ភ្នំពេញ)៖ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ចេញទស្សនៈនៅលើបណ្តាញសង្គម Facebook របស់លោក នៅថ្ងៃទី០៥ ខែមករា ជុំវិញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលកំពុងតែមានការចាប់អាម្មណ៍ខ្លាំងពីសាធារណជន។
សម្រាប់លោក ឡុង ឌីម៉ង់ បានសរសេរនៅលើបណ្តាញសង្គម Facebook ថា «មិនគួរដកថយ ឬមានយោបល់ស្មុគស្មាញ ច្រើនពេកទេ។ ដាច់ខាតកម្ពុជាត្រូវបោះជំហានទៅមុខ ខិតខំទាំងអស់គ្នា អប់រំពន្យល់ប្រជាពលរដ្ឋឲ្យយល់ថា ការគោរពច្បាប់ចរាចរណ៍នាំមកនូវសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរផ្ទាល់ខ្លួន និងក្នងសង្គមខ្មែរ ព្រមជាមួយគ្នានេះខិតខំ ជុសជុលកែលំអការខ្វះខាតក្នុងការអនុវត្ត ។ សណ្តាប់ធ្នាប់ក្នុងការបើកបរជាការឆ្លុះបញ្ចាំង នីត្យានុកូលភាពនៃកម្ពុជា រីឯ ការយោគយល់អធ្យាស្រ័យគ្នាក្នុងការបើកបរ ជាសុជីវធម៌ និងជាការបង្ហាញនូវសេចក្តីថ្លៃថ្នូររបស់យើងម្នាក់ៗ និងរបស់កម្ពុជា ។ គ្មានហេតុផលអ្វីដែលត្រូវស្ទាក់ស្ទើរទេ ការពង្រឹងការគោរពច្បាប់ ឬនីតិរដ្ឋ ជាមូលដ្ឋានគ្រឹះ នៃការឈានទៅមុខរបស់កម្ពុជា» ។
នៅថ្ងៃដដែលនេះដែរ ក្នុងឱកាសសម្តេចអញ្ជើញ ជាអធិបតីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ «ស្ពានអាកាស៥មករា» នៅជាប់សាលាតិចណូ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទទួលបានហើយនូវការសំណូមពរ ក៏ដូចជាការទទូចរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ។ សម្តេចបានសូមអ្នកប្រតិកម្មទាំងអស់នោះ ទុកលទ្ធភាពឲ្យរាជរដ្ឋាភិបាលអនុវត្តច្បាប់នេះសិន។ សម្តេចតេជោបានបញ្ជាក់ថា ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ មិនអាចរាថយបាននោះឡើយ ឬពន្យារពេលបន្តទៅទៀតបានឡើយ ត្បិតគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ន កំពុងគំរាមកំហែងអាយុជីវិតប្រជាពលរដ្ឋខ្លាំង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា នឹងបន្តអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយមិនរា ថយនោះឡើយ។ សម្តេចតេជោបានអះអាង ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជាមួយវិន័យដ៏តឹងរឹងនេះ ក្នុងបំណងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ហើយមិនអាចពន្យារបានទៀតឡើយ គ្រាគ្រោះថ្នាក់ចរាចរកំពុងគំរាមកំហែងអាយុជីវិតប្រជាពលរដ្ឋយ៉ាងខ្លាំង៕