(ភ្នំពេញ)៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៉ីផាន បានលើកឡើងថា ការយាងទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្ដេចម៉ែ គឺធ្វើឡើងតាមកាលវិភាគរបស់គ្រូពេទ្យនៅប្រទេសចិន មិនមានអ្វីពាក់ព័ន្ធនឹងការធ្វើច្បាប់ ស្ដីការគ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ននោះទេ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ លោក ផៃ ស៉ីផាន បានឆ្លើយតបថា សូមអ្នកវិភាគ និងក្រុមអមិត្តទាំងឡាយ កុំបន្ទោសព្រះមហាក្សត្រខ្មែរ កុំដាក់ទោសព្រះមហាក្សត្រ ព្រោះការទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គនៅពេលនេះ គឺតាមកាលវិភាគដែលបានគ្រោងទុក។
ការលើកឡើងរបស់លោក ផៃ ស៉ីផាន បន្ទាប់ពីមានបុគ្គលមួយចំនួនតូច ចេញមកបកស្រាយផ្ទុយពីការពិតថា ការយាងទៅពិនិត្យព្រះរាជសុខភាព របស់ព្រះមហាក្សត្រខ្មែរ និងសម្ដេចម៉ែ គឺមិនចង់ពាក់ព័ន្ធនឹងការធ្វើច្បាប់ ស្ដីពីការគ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ន។
លោក ផៃ ស៉ីផាន បានឆ្លើយតបយ៉ាងដូច្នេះថា «ខ្ញុំឃើញហើយ អ្នកខ្លះថាជាការគេចវេសរបស់ព្រះមហាក្សត្រយើង គឺមិនមែនទេ កុំបន្ទោសព្រះអង្គ កុំដាក់ទោសព្រះអង្គ ព្រះអង្គលោកតែងតែ ស្រលាញ់ជាតិរបស់លោកណាស់ កាលវិភាគ នៃការទៅពិនិត្យព្រះរាជសុខភាព គឺមានតាំងពីមុនយើងរៀបចំធ្វើច្បាប់ គឺលោកត្រូវដល់ពេលជួបជាមួយនឹងពេទ្យប្រទេសចិន គឺលោកត្រូវតែធ្វើទៅតាមកាលវិភាគដែលគ្រោងទុករួចស្រេច មិនមែនប៉ះពាល់ដល់រឿង ការរៀបចំច្បាប់នេះទេ»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ទៀតថា បើទោះបីអវត្តមានព្រះមហាក្សត្រ ក៏ពិតមែន ប៉ុន្ដែប្រសិនបើច្បាប់នេះចូលជាធរមាន គឺប្រមុខរដ្ឋស្ដីទីជាអ្នកចេញព្រះរាជក្រឹត្យ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ពោលដំណើរការនឹងរលូនទៅធម្មតាមិនមានការរាំងស្ទះអ្វីនោះទេ។ ប៉ុន្ដែលោកអះអាងថា កម្ពុជាមិនទាន់អាចសន្និដ្ឋានបានឡើយថា អាចគេចផុត ឬគេចមិនផុតពីការដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ។
បើតាមលោក ផៃ ស៉ីផាន ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន គឺអាស្រ័យទៅលើស្ថានភាពជាក់ស្ដែង នៃជំងឺកូវីដ១៩ ប្រសិនបើកម្ពុជាអាចទប់ស្កាត់ ឬការពារបានស្ថានភាពនោះ គឺមិនអាចកើតមាននោះទេ។
គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។
ក្នុងសេចក្តីប្រកាសព័ត៌មានបង្ហាញពី លទ្ធផលនៃកិច្ចប្រជុំ បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់បានពិនិត្យរួចរាល់ និងបញ្ជូនទៅសភាពិនិត្យ និងអនុម័តតែម្តង ដោយមិនដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនោះទេ។
ក្នុងសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានរៀបចំឡើងដោយផ្អែកតាមស្មារតី នៃមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលចែងថា «នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទាន ដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»។
សេចក្តីព្រាងច្បាប់ ស្តីពីការគ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មាន៥ជំពូក និង១១មាត្រា។ ជំពូកទី១ មានពីរមាត្រា និយាយពីបទប្បញ្ញត្តិទូទៅ ដែលបានចែងពីវត្ថុបំណង នៃការតាក់តែងច្បាប់នេះឡើង និងវិសាលនៃច្បាប់នេះ។
ជំពូកទី២ និយាយពីបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មានពីមាត្រា, ជំពូកទី៣ និយាយពីការគ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្ន ដោយបានកំណត់លំអិតពីវិធានការក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន និងរបបរាយការណ៍អំពីវិធានការក្នុងភាពអាសន្នជូនរដ្ឋសភា និងព្រឹទ្ធសភា។ ជំពូកទី៣ មានពីរមាត្រាផងដែរ។
ជំពូកទី៤ មាន ៣មាត្រា និយាយពីទោសប្បញ្ញត្តិ។ ក្នុងជំពូកនេះ និយាយពីទោស ចំពោះការរារាំងដល់កិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន, ទោសមិនគោរពវិធានការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន និងការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល។
ដោយឡែកជំពូកទី៥ ដែលជាជំពូកចុងក្រោយ និយាយពីនរាករណ៍ និងការប្រកាសជាការប្រញាប់ នៃច្បាប់នេះ៕