(កំពង់ធំ)៖ ដើម្បីលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋកាន់តែប្រសើរ អាជ្ញាធរទន្លេសាបនៃក្រសួងធនធានទឹក និងឧតុនិយម ក្រោមជំនួយឥតសំណងរបស់ភ្នាក់ងារទឹកបារាំងរីនម៉ឺស ដែលបានផ្តល់ស្ថានីយ៍ផលិតទឹកស្អាត ជូនដល់ឃុំសាលាវិស័យ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។
លោក ជិន ហ៉ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ បានលើកឡើងថា ឃុំរបស់លោកបានទទួល គម្រោងសាងសង់ស្ថានីយផលិតទឹកស្អាតមួយក្នុងគម្រោងឈ្មោះ គម្រោងការគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន ហើយគម្រោងនេះ អនុវត្តន៍ដោយក្រុមការងារគម្រោងក្នុងការគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹង របស់អាជ្ញាធរទន្លេសាប ដែលស្ថិតនៅក្រោមក្រសួងធនធានទឹក និងឧតុនិយម ជាជំនួយឥតសំណងរបស់ភ្នាក់ងារទឹកបារាំងរីនម៉ឺសតាមរយៈលោក លឹម ពុយ អាជ្ញាធរទន្លេសាបនៃក្រសួងធនធានទឹក និងឧតុនិយម។
លោកបានបន្តថា ស្ថានីយ៍ទឹកស្អាតនេះមានឈ្មោះថា «ស្ថានីយ៍ផលិតទឹកស្អាតឃុំសាលាវិស័យ» ដោយមានកម្ពស់ ២០ ម៉ែត្រ បំពាក់ដោយឧបករណ៍ប្រព័ន្ធកុំព្យូទ័រ និងប្រព័ន្ធផលិតទឹកស្អាតដោយប្រើសូឡាសម្រាប់បូមទឹកឡើង ហើយស្ថានីយ៍នេះចាប់ផ្ដើមសាងសង់ទី នៅថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។ ស្ថានីយ៍អាចផលិតទឹកស្អាតបាន ៥០ម៉ែត្រគូប ក្នុង១មួយថ្ងៃ និងផលិតគិតជាកាដុងបាន ៣០០ ទៅ ៤០០ កាដុង ចំណុះ ២០ លីត្រ និងដឹកចែកចាយទាំង ១៩ ភូមិ ដោយប្រើម៉ូតូក្នុងតម្លៃពី ១០០០ រៀល ទៅ ១៥០០ រៀល សម្រាប់តាមសាលារៀន និងមណ្ឌលសុខភាពសាលាឃុំដាក់ចែកចាយឲ្យប្រើប្រាស់ដោយមិនគិតតម្លៃទិញលក់ឡើយ។
លោក ជិន ហ៉ីន បានបន្តទៀតថា នៅឆ្នាំ ២០២០២នេះ ភូមិដែលត្រូវតបណ្ដាញមានភូមិសាលាវិស័យភូមិត្រពាំងថ្មភូមិខ្មាក់គិតក្នុងមួយគីបតម្លៃ ២០០០ រៀល ទៅ ២៥០០ រៀល។ ក្នុងការផ្ដល់បច្ចេកទេស និងការថែទាំសម្ភារឧបករណ៍ ភ្នាក់ងារបារាំងជួយរយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ ២០២០ ដល់ ២០២៣ បន្ទាប់មកប្រគល់ឲ្យ
គណៈកម្មការឃុំគ្រប់គ្រងផ្ទាល់ បូកទាំងការចំណាយផ្សេងៗ។ ជាមួយគ្នានេះ ឃុំបានរៀបចំគណៈកម្មការប្រើប្រាស់ទឹកមាន ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ មណ្ឌលសុខភាព នាយកសាលារៀន វត្តអារាម និងប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ស្ថានភាពរបស់ឃុំសាលាវិស័យមាន ១៩ភូមិ ចំនួនផ្ទះ ៣១២២ខ្នង ចំនួនមនុស្ស ១៥៩៦២នាក់ ស្រី ៨០៨២ នាក់ សាលារៀន ១៩ កន្លែង វិទ្យាល័យមួយកន្លែង អនុវិទ្យាល័យមួយកន្លែង បឋមសិក្សា ១៣ កន្លែងថ្នាក់មតេយ្យ៤ កន្លែង។ តាមការប្រជុំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋអំពីការប្រើប្រាស់ទឹកស្អាតនេះ ប្រជាពលរដ្ឋមានការអបអរសាទរ និងសប្បាយរីករាយដែលឃុំចេះទំនាក់ទំនងបានស្ថានីយ៍ផលិតទឹកស្អាត សម្រាប់ចែកចាយប្រើប្រាស់ក្នុងពេលកំពុងតែជួបការបម្រែបម្រួលអាកាសធាតុ ហើយនេះគឺជាសមិទ្ធិផលថ្មីមួយទៀត ក្រោមការដឹកនាំរបស់រដ្ឋបាលឃុំសាលាវិស័យ៕