(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានផ្ញើលិខិតជូនពរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ។ នេះបើយោងតាមលិខិតជូនពរដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សម្តេចប្រធានរដ្ឋសភា បានជូនពរយ៉ាងដូច្នេះថា៖ «ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ នាពេលខាងមុខនេះ តាមនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃរដ្ឋសភា ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមជូននូវសព្ទសាធុការពរបវរសួស្តី សេរីមង្គលជូនចំពោះសម្តេចតេជោ សូមទទួលបាននូវសុខភាពល្អបរិបូរណ៌ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍ ប្រកបដោយភាពសម្បូរសប្បាយរុងរឿង ជារៀងរហូតតទៅ»។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុងឧត្តមនេះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ដែលតែងតែយកឆន្ទៈ មនសិការ បញ្ញាញាណ ពុះពារជម្នះរាល់ឧបសគ្គគ្រប់បែបយ៉ាង ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ឲ្យទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ដែលធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាយើង ទទួលបាននូវកិត្តិសព្ទល្បីល្បាញ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ៕
ខាងក្រោមនេះ ជាលិខិតជូនពររបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖