(បាត់ដំបង)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាណន់ តាមរយ:លោក សាន ហាក់ សមាជិកក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ បានផ្តល់ម៉ាស និងអាល់កុលលាងដៃជូនក្រុមអ្នកសារព័ត៌មាន ៣អង្គភាពរួមមានៈ FRESH NEWS, CNC និង BTV ក្នុងខេត្តបាត់ដំបង ដើម្បីការពារជំងឺ COVID-19 ដែលបានខិតខំពេលចុះយក និងផ្សព្វផ្សាយព័ត៌មានក្នុងយុទ្ធការប្រឆាំងទប់ស្កាត់ ការពារ ការឆ្លងជំងឺកាចសាហាវមួយនេះ។
លោក សាន ហាក់ សមាជិកក្រុមប្រឹក្សាខេត្តបានឲ្យដឹងថា «ក្រុមអ្នកសារព័ត៌មានយើងក៏មានការប្រឈមនឹងការឆ្លងជំងឺ COVID-19 ដែរ នៅពេលដែលចុះថតរូបភាពថ្នាក់ដឹកនាំ ក្រុមការងារដែលតែងតែចុះសំណេះសំណាលជាមួយពលរដ្ឋទូទៅនិងអ្នកផ្ទុកមេរោគ COVID-19 ប្រចាំថ្ងៃ។
លោក សាន ហាក់ បានបញ្ជក់ថា ដើម្បីពង្រឹង និងទប់ស្កាត់ឆ្លងជំងឺ COVID-19 ឲ្យបានគ្រប់គ្នានោះ នាយឧត្តមសេនីយ៍ សុខ ផល បានគិតគូ និងយកចិត្តទុកក្រៅពីប្រជាពលរដ្ឋនោះ ក៏មានក្រុមអ្នកសារព័ត៌មានយើងដែលបានចុះផ្ទាល់គ្រប់ទីកន្លែងផងនោះ។
លោកបានផ្តល់សំភារៈការពារឆ្លងរោគនោះ ដោយបានផ្តល់ជាអាល់កុលលាងដៃ និងម៉ាសសម្រាប់ពាក់ការពារជាប្រចាំ នៅពេលចុះដល់កន្លែងប្រឈមនឹងការឆ្លងមេរោគជំងឺ COVID-19នេះ។
តំណាងអ្នកសារព័ត៌មានទាំង៣អង្គភាព នៅខេត្តបាត់ដំបង បានថ្លែងថា «យើងខ្ញុំតំណាងឲ្យក្រុមអ្នកសារព័ត៌មានក្នុងខេត្តបាត់ដំបង សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះលោក សាន ហាក់ និងនាយ ឧត្តមសេនីយ៍ សុខ ផល ដែលបានផ្តល់សំភារៈទាំងនេះដល់ពួកយើងខ្ញុំយកទៅប្រើប្រាស់ដើម្បីការពារខ្លួនក្នុងការបំពេញការងារប្រចាំថ្ងៃផងដែរ»។
សូមបញ្ជាក់ថា សម្រាប់ខេត្តបាត់ដំបង មានអ្នកកើតជំងឺ COVID-19 ចំនួន ៨នាក់ ក្នុងចំណោម១១០នាក់ គិតត្រឹមព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ តែបានជាសះស្បើយចំនួន ៣នាក់ផងដែរ៕