(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ បានទទួលជួបពិភាក្សាការងារ ជាមួយលោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នាឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ក៏ដូចជាដើម្បីបន្តពង្រឹងបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-រុស្ស៊ី ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះប្រជាជន និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ដែលបានចូលរួមចំណែកយ៉ាងសកម្ម ដល់ការកសាងសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាំងពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្ននេះ។ សមិទ្ធិផលប្រកបដោយផ្លែផ្កា នៃការអភិវឌ្ឍដែលកម្ពុជាទទួលបាន មិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់រដ្ឋាភិបាលរុស្ស៊ី និងដៃគូអភិវឌ្ឍន៍នានា ។
លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ក្នុងអាណត្តិការទូតរបស់លោក Dmitry Tsvetkov នៅកម្ពុជា, ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា និងរុស្ស៊ី ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ហើយបាននាំមកនូវលទ្ធផលដ៏ត្រចះត្រចង់ ជាពិសេសកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស ។
លោក Dmitry Tsvetkov បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការផ្ដល់កិច្ចសហប្រតិបត្ដិការយ៉ាងល្អប្រពៃពីក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងអាណត្តិដែលលោក បានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលបានធ្វើឲ្យបេសកកម្មការទូត របស់លោកទទួលបានជោគជ័យ។ លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ផងដែរថា រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី នៅតែបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា លើគ្រប់ផ្នែកជាពិសេស ការបង្កើនការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅសហព័ន្ធរុស្ស៊ី បន្ថែមទៀតជារៀងរាល់ឆ្នាំ ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានជម្រាបលោកឯកអគ្គរដ្ឋទូត Dmitry Tsvetkov អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិនិយោគិនទាំងអស់ ខណៈដែលកម្ពុជាកំពុងចាត់វិធានការ ធ្វើកំណែទម្រង់, ពង្រីកទីផ្សារ, ជំរុញវិមាត្រសេដ្ឋកិច្ច, និងគាំទ្រការប្រកួតប្រជែងក្នុងក្របខ័ណ្ឌទីផ្សារសេរីប្រកបដោយ ភាពត្រឹមត្រូវ និងយុត្តិធម៌ ។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ការលើកទឹកចិត្តដល់ការវិនិយោគ និងខិតខំបង្កបរិយាកាសឱ្យអ្នកវិនិយោគ មានភាពជឿជាក់ក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា ។ ដោយសារប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារទៅវិញទៅមក នៃការវិនិយោគរួចហើយ ភាគីទាំងពីរបានពិភាក្សាអំពីយន្តការ ក្នុងការរៀបចំកិច្ចព្រមព្រៀង ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នារវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ដើម្បីទាក់ទាញវិនិយោគិនរុស្ស៊ី ឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត ។
នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីឥទ្ធិពលនៃការរាតត្បាតនៃជម្ងឺកូវីត១៩ ដែលបានធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមាន ដល់សេដ្ឋកិច្ចនៃបណ្តាប្រទេសនានាលើសកលលោក និងសេណារីយ៉ូមួយចំនួន សម្រាប់ដោះស្រាយ និងទប់ស្កាត់ចំពោះផលប៉ះពាល់មកលើសេដ្ឋកិច្ចកម្ពុជា៕