(ភ្នំពេញ)៖ បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញ បានផ្សព្វផ្សាយនូវវិធានការការពារ ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាលជម្ងឺឆ្លងកូវីដ-១៩ ដល់កម្លាំងក្រោមឱវាទទូទាំង រាជធានីអស់រយៈ ពេលជាច្រើនថ្ងៃកន្លងមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញ ម៉ូតូកង់បីចំនួន ១២គ្រឿង បំពាក់ដោយគ្រឿងបំពងឃោសនសព្ទ បើកបរដោយកម្លាំងចំនួន ២៤នាក់ សហការជាមួយអជ្ញាធរមូលដ្ឋាននិងកម្លាំងពាក់ព័ន្ធចម្រុះផ្សេងៗទៀត ចុះធ្វើការផ្សព្វផ្សាយនូវសេចក្តីណែនាំ របស់ក្រសួងសុខាភិបាលតាមបណ្តាមូលដ្ឋាន ភូមិសង្កាត់ខណ្ឌ ទូទាំងរាជធានីភ្នំពេញ។
ក្នុងមួយថ្ងៃចំនួន ២ខណ្ឌ ដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញផងដែរ។
ជាក់ស្តែងនៅថ្ងៃទី៣១ ខែមីនា និងថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ក្រុមម៉ូតូកង់បីរបស់អាវុធហត្ថ រាជធានីភ្នំពេញ បានចុះផ្សព្វផ្សាយទៅដល់មូលដ្ឋានខណ្ឌ ចំនួន០៤រួចហើយ គឺខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ ខណ្ឌបឹងកេងកង និងខណ្ឌចំការមន។
គោលបំណង ដែលអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមយ៉ាងសកម្មក្នុងការ ផ្សព្វផ្សាយសេចក្តីណែនាំ របស់ក្រសួងសុខាភិបាលនេះ គឺដើម្បីឲ្យប្រជាជនមហាជន បានជ្រួតជ្រាប និងបានចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លង កូវីដ-១៩ ទាំងអស់គ្នា តាមការអំពាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕