(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មការបង្ការ និងទប់ស្កាត់ជំងឺ COVID-19 ខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញចែកសម្ភារសម្រាប់យុទ្ធនាការផ្សព្វផ្សាយបង្ការ និងទប់ស្កាត់ ប្រយុទ្ធនឹងជំងឺ COVID-19 ដល់ក្រុមគ្រូពេទ្យ, ក្រុមឆ្លើយតបបន្ទាន់ និងមណ្ឌលសុខភាពទាំង១៤ ទូទាំងខេត្តស្ទឹងត្រែង នៅបរិវេណមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង។
លោក ម៉ុម សារឿន បានថ្លែងថា បញ្ហជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ឬ Covid-19 នេះ ជាជំងឺឆ្លងមានលក្ខណៈជាសកល ដែលយើងគ្រប់គ្នាមានការព្រួយបារម្ភ ព្រមទាំងត្រូវ ចូលរួមទប់ស្កាត់ទាំងអស់គ្នាចៀសវាងមានការឆ្លងរីករាលដាលបន្តដល់សហគមន៍មូលដ្ឋាន។
លោកបន្តថា «ការប្រយុទ្ធនិងជំងឺឆ្លងនេះ ក្រុមគ្រូពេទ្យទាំងអស់ជាក្រុមប្រយុទ្ធជួរមុខ ក្នុងការទប់ស្កាត់ការឆ្លងរីករាលនៃជំងឺ COVID-19 នេះ ដែលត្រូវខិតខំទាំងកម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ បង្ការចំពោះជំងឺឆ្លងដ៏កាចសាហាវនេះ និងត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះផ្សព្វផ្សាយអប់រំឲ្យគ្រប់មូលដ្ឋានភូមិ ឃុំ ស្រុក ឲ្យប្រជាពលរដ្ឋ បានយល់ដឹងកាន់តែច្បាស់អំពីវិធានការការពារខ្លួន អនាម័យ និងដាក់ខ្លួននៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាលសម្រាប់បងប្អូន ឬសមាជិកគ្រួសារដែលទើបមកពីក្រៅប្រទេស។
លោកវិជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានអះអាងថា រហូតមកដល់ពេលនេះខេត្តស្ទឹងត្រែង មិនទាន់វិជ្ជមានករណីឆ្លងជំងឺ COVID 19 នៅឡើយទេ។ ប៉ុន្តែដើម្បីចូលរួមស្កាត់កុំឲ្យមានការឆ្លងជំងឺដ៏កាចសាហាវនេះ មន្ទីរសុខាភិបាលខេត្ត ដោយមានការណែនាំពីអភិបាលខេត្ត បានរៀបចំក្រុមឆ្លើយតបបន្ទាន់ ព្រមទាំងរៀបចំកន្លែងពិនិត្យ សុខភាពនៅព្រំដែន តាមផ្លូវជាតិធំៗរួមមានផ្លូវជាតិលេខ៧ លេខ៧៨ និងផ្លូវជាតិលេខ៩ មិនតែប៉ុណ្ណោះមន្ទីរសុខាភិបាលបានបង្កើត ក្រុមផ្សព្វផ្សាយ ចែកខិតប័ណ្ណអប់រំ និងក្រុមស្រាវជ្រាវតាមដានមុខសញ្ញាជំងឺ COVID-19 នៅតាមសហគមន៍ ពិសេសអ្នកទើបមកពីបណ្តាប្រទេសផ្សេងៗ។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ទោះបីខេត្តស្ទឹងត្រែងមិនទាន់ករណីឆ្លងជំងឺ COVID-19 ក៏ប៉ុន្តែមន្ទីរសុខាភិបាលបានយកកំហាក់មុខសញ្ញាសង្ស័យឆ្លងជំងឺ COVID19 ចំនួន៨៦នាក់ ស្រី៣១នាក់ ទៅពិនិត្យដើម្បីរកមើលជំងឺ COVID-19 ដែលជាលទ្ធផលអវិជ្ជមានទាំងអស់។ ការពិនិត្យកំហាក់មុខសញ្ញាជំងឺកូវីដនេះក៏មានប្រជាពលរដ្ឋ មកពីក្រៅប្រទេសផងដែរ ដូចជាមកពីប្រទេសថៃចំនួន៤១នាក់ មកពីចិន២នាក់ មកពីម៉ាឡេស៊ី១២នាក់ មកពីវៀតណាម២នាក់ ឡាវ ៤នាក់ និងជនជាតិអ៊ីតាលី ១នាក់។
សូមបញ្ជាក់ផងដែរថា សម្ភារដែលបានចែកសម្រាប់យុទ្ធនាការផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់ប្រយុទ្ធជំងឺកូវីដ-១៩ នៅខេត្តស្ទឹងត្រែងនាពេលនេះ រួមមាន៖ អាល់កុលចំនួន ៤០លីត្រ សាប៊ូ Protex ១០០ដុំ ជូនក្រុមគ្រូពេទ្យប្រចាំការផ្ទះស្នាក់ដោយឡែក, និងជូនក្រុមអប់រំ និងផ្សព្វផ្សាយរបស់មន្ទីរសុខាភិបាលខេត្តនូវអាល់កុលចំនួន ២០លីត្រ សាប៊ូ Protex ១០០ដុំ, រួមទាំងជូនមណ្ឌលសុខភាពទាំង១៤នូវឧបករណ៍បំពងសំឡេង ១៤គ្រឿង ម៉ាស៊ីនបាញ់កំដៅចំនួន ១៥គ្រឿង និងជូនដល់ក្រុមមន្រ្តីឆ្លើយតបបន្ទាន់ របស់មន្ទីរសុខាភិបាលខេត្ត ព្រមទាំងម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន៦គ្រឿង ផងដែរ៕