(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសផ្ទេរ និងចូលកាន់តំណែងរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។ ក្នុងពិធីនេះដែរ ក៏មានយាងនិមន្តពីសម្តេចមហាសង្ឃរាជទាំងពីរគណៈផងដែរ។
សូមបញ្ជាក់ថា នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងប្រកាសចូលកាន់តំណែងនៅព្រឹកនេះ លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីចាស់ មិនបានចូលរួមនោះឡើយ ដោយសារតែបញ្ហាសុខភាព របស់លោក។
លោក ផ្លោក ផន រដ្ឋលេខាធិការប្រចាំការក្រសួងធម្មការ និងសាសនា បានអានរបាយការណ៍ថា វិស័យគ្រប់សាសនាទាំងអស់នៅកម្ពុជា មានការបោះជំហ៊ានទៅមុខជាលំដាប់ ក្នុងនោះវិស័យព្រះ ពុទ្ធសាសនា មានការវិវត្តរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបច្ចុប្បន្ននេះនៅទូទាំងប្រទេសមានវត្តសរុបចំនួន ៤.៩៨៥វត្ត និងមានព្រះសង្ឃសរុបចំនួន ៧០.៨៥៣អង្គ។ ទន្ទឹមនឹងនេះ បានបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរទូទាំងប្រទេសបានចំនួន ៣៥វគ្គ មានសិក្ខាកាមជាព្រះសង្ឃ អាចារ្យ អាចារ្យរិនី សរុបចំនួន ១០.៦៧២រូប។
លោក ឈិត សុខុន ដែលចូលកាន់តំណែងជារដ្ឋមន្រ្តីថ្មីនៅពេលនេះ បានសន្យាការទទួលនូវភារកិច្ចក្នុងការដឹកនាំ និងគ្រប់គ្រងនូវស្ថាប័នដែលមានបេសកកម្មមុខងារ និងភារកិច្ចដ៏សំខាន់មួយនេះ មិនត្រឹមតែជាមោទនភាពដ៏ធំធេងសម្រាប់ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបេសកកម្មដ៏ធំធេង និងថ្លៃថ្លាមួយ ដែលរូបលោកផ្ទាល់សូមប្តេជ្ញាបំពេញភារកិច្ចឲ្យបានជោគជ័យ ដើម្បីសាកសមនឹងទំនុក ចិត្តរបស់រាជរដ្ឋាភិបាល។ ការថែរក្សាសមិទ្ធផលនាពេលកន្លងមកក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់លោក ហ៊ឹម ឆែម ព្រមទាំងព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកទាំងអស់របស់ក្រសួងធម្មការ និងសាសនា គឺជាភារកិច្ចបន្តដែលត្រូវខិតខំ។
លោក ឈិត សុខុន បានប្តេជ្ញាថា នឹងបន្តអនុវត្តការងាររបស់ក្រសួង និងដាក់ចេញជាយុទ្ធសាស្ត្រថ្មីនេះ ដើម្បីដឹកនាំក្រសួងនេះ ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព។ ក្រសួងធម្មការ និងសាសនា ធ្វើឱ្យវិស័យព្រះពុទ្ធសាសនា កាន់តែមានជំនឿជឿជាក់ពីប្រជាពលរដ្ឋ ពោលគឺព្រះពុទ្ធសាសនា បានរួមចំណែកអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធសង្គម ជាមួយកាកបាទក្រហមកម្ពុជា និងការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ ដល់ពុទ្ធបរិស័ទ ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពចាស់ជរា ស្រ្តី និងកុមារ។
ក្រៅពីការយកចិត្តទុកដាក់ផងដែរ ពោលគឺក្រសួងបានបំពេញភារកិច្ចប្រកប ដោយការទទួលខុសត្រូវ ធ្វើឱ្យមានសុខុមនីយកម្មវិស័យសាសនា បង្កលក្ខណៈឱ្យប្រជាជនមានសិទ្ធិសេរីភាពពេញ លេញក្នុងជំនឿសាសនា ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជណាចកម្ពុជា។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្រ្តីថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនាទាំងមូល ដែលកន្លងមកតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះវិស័យធម្មការ និងសាសនា ដែលដឹកនាំគ្រប់គ្រងលើសាសនាទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបណ្ឌិត ម៉ែន សំអន បានលើកឡើងថា ក្នុងស្ថានភាពបច្ចុប្បន្ន ដែលកំពុងរាតត្បាតដោយជំងឺ COVID-19 កាចសាហាវបំផុត បានខិតខំផ្សព្វផ្សាយឱ្យសាសនិកគ្រប់សាសនាទាំងអស់ ចូលរួមបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺ Covid-19 តាមការណែនាំរបស់ក្រសួងសុខាភិបាល៕