(ភ្នំពេញ)៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ «ខ្ញុំសូមសម្តែងនូវសមានចិត្ត តាមរយៈការស្ម័គ្រចិត្ត ជូនទៅគណៈកម្មាការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នូវប្រាក់បៀវត្សរបស់ខ្ញុំ ជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចំនួនស្មើនឹង៦ខែ ដោយចាប់រាប់តាំងពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០»។
សូមជម្រាបថា នៅថ្ងៃម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបានបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។
ប្រាក់ខែនាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រមាណ១០លានរៀល ក្នុង១ខែ ខណៈប្រាក់ខែរដ្ឋមន្ត្រីមានប្រមាណ៥លានរៀលក្នុង១ខែ៕