(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបរិច្ចាគប្រាក់បៀវត្សរ៍ចំនួន៧ខែ ដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែននៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់បៀវត្សរ៍ដែលសម្តេចបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រាក់ខែនាយករដ្ឋមន្រ្តីនៃកម្ពុជា មានចំនួន១០លានរៀល ក្នុង១ខែ។
គិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ចំនួនអ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនៅក្នុងប្រទេសកម្ពុជា បានកើនដល់២៥នាក់ហើយ ក្នុងនោះមានជនជាតិចិនម្នាក់ ជនជាតិអង់គ្លេស៣នាក់ ជនជាតិបារាំង១នាក់ ជនជាតិម៉ាឡេស៊ីម្នាក់ និងជនជាតិខ្មែរ១៩នាក់។ ពេលនេះមានអ្នកជំងឺកូវីដ១៩ ចំនួន៨៤នាក់ កំពុងសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យ ដែលក្នុងនោះមានស្រ្តី២៨នាក់ និងបុរស៥៦នាក់៕