(ភ្នំពេញ)៖ បន្ទាប់ពីសម្រាករយៈពេល៣ខែ ក្រោយសម័យប្រជុំលើកទី៣ នីតិកាលទី៦ ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០កន្លងទៅនោះ រដ្ឋសភាដល់ពេលចូលកងវិញហើយ។ គណៈអចិន្ត្រៃយ៍នៃរដ្ឋសភា សម្រេចយកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ ធ្វើពិធីបើកសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦។
តាមទម្លាប់ពិធីបើកសម័យប្រជុំថ្មីនៃរដ្ឋសភា ត្រូវអញ្ជើញតំណាងរាស្ត្រ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ចូលរួមបើកសម័យប្រជុំនេះនៅវិមានរដ្ឋសភា ក្រោមអធិបតីភាពប្រធានរដ្ឋសភា សម្តេចពញាចក្រី ហេង សំរិន និងអនុប្រធានទាំងពីរ។ តែការបើកសម័យប្រជុំរដ្ឋសភាលើកទី៤ មិនបានធ្វើដូចទម្លាប់រាល់ដងនេះឡើយ ពោលមិនមានការរៀបចំពីបើកសម័យប្រជុំនេះនៅវិមានរដ្ឋសភានោះទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
យោងតាមសេចក្តីជូនដំណឹងនាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានជូនដំណឹងថា «ដើម្បីរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមអនុវត្តនូវវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចមិនអញ្ជើញតំណាងរាស្ត្រ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ចូលរួមក្នុងពិធីបើកសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ ខាងលើទេ»។
អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងថា ទោះបីមិនមានការរៀបចំពិធីបើកសម័យប្រជុំក៏ដោយ រដ្ឋសភានឹងផ្សព្វផ្សាយព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងរបាយការណ៍របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៣ និងលើកទី ៤ នីតិកាលទី ៦ ខាងលើតាមរយៈគេហទំព័ររបស់រដ្ឋសភា http://nac.org.kh និងទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា ព្រមទាំងបណ្តាញផ្សព្វផ្សាយផ្សេងៗទៀតផង។
បើតាមអគ្គលេខាធិការដ្ឋានរដ្ឋសភា ការផ្សព្វផ្សាយនេះ ដើម្បីឱ្យសាធារណជនជាតិ និងអន្តរជាតិ បានជ្រាបពីសកម្មភាពសំខាន់ៗរបស់រដ្ឋសភា។
ក្នុងសេចក្តីជូនដំណឹងនាព្រឹកថ្ងៃនេះ រដ្ឋសភាក៏បានបង្ហាញនូវលទ្ធផលការងារមួយចំនួនរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៣ និងលើកទី៤នេះផងដែរ។
អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ជាក់ថា ក្នុងចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៣ និងលើកទី៤ នីតិកាលទី៦ រយៈពេលបីខែនេះ ថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គណៈកម្មការនានា និងសមាជិក សមាជិការដ្ឋសភា បានបំពេញការងារយ៉ាងសកម្ម តាមតួនាទី និងភារកិច្ច រួមមាន បើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ចំនួន ៣លើក ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួន ៩ និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន ៩រូប។
ក្រៅពីការងារខាងលើនេះ ថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គណៈកម្មការនានា និងសមាជិក សមាជិការដ្ឋសភា បានបំពេញការងារការទូតសភា និងចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីចូលរួមដោះស្រាយនូវសំណូមពរផ្សេងៗផ្សេងៗផងដែរ៕