(ភ្នំពេញ)៖ រដ្ឋមន្ត្រីថ្មីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ លោក កើត រិទ្ធ បានបញ្ជាក់ថា «ដើម្បីចូលរួមជាមួយប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងកើតមានឡើងនៅកម្ពុជា ខ្ញុំស្ម័គ្រចិត្តចូលរួមបរិច្ឆាគជូននូវប្រាក់បៀវត្សរបស់ខ្ញុំបាទ ចាប់ពីខែដំបូងដល់ខែទី៦ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»។
សូមជម្រាបថា នៅថ្ងៃម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបានបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។
ប្រាក់ខែនាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រមាណ១០លានរៀល ក្នុង១ខែ ខណៈប្រាក់ខែរដ្ឋមន្ត្រីមានប្រមាណ៥លានរៀលក្នុង១ខែ៕