(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានផ្ញើលិខិតមួយច្បាប់ទៅកាន់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ សៅ សុខា មេញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីសុំអន្តរាគមន៍ ជួយចាត់វិធានការទប់ស្កាត់ រថយន្តគិលានសង្រ្គោះ ដែលគ្មានច្បាប់អនុញ្ញាតពី ក្រសួងសុខាភិបាល ហើយកំពុងចល័តដឹកអ្នករងគ្រោះរបួស ដោយគ្រោះថ្នាក់ចរាចរណ៍។
លិខិតដដែលបានឲ្យដឹងថា រយៈពេល១ឆ្នាំកមន្លងមកនេះ ក្រសួងសុខាភិបាល បានធ្វើការសង្កេតឃើញ មានរថយន្តគិលានសង្គ្រោះ គ្លីនិកឯកជន មួយចំនួនបានក្លែងបន្លំ និងគ្មានពាក់ស្លាកលេខរថយន្តត្រឹមត្រូវ កំពុងធ្វើសកម្មភាពដឹកអ្នករងគ្រោះថ្នាក់ ចរាចរណ៍តាមផ្លូវ យកមកព្យាបាលនៅក្នុង គ្លីនិកឯកជនរបស់ខ្លួន និងមានការគាបសង្កត់ទៅលើជនរងគ្រោះ ឬបង្ខំឲ្យបង់ថ្លៃសេវាមួយដែលថ្លៃជាទីបំផុត ឬសកម្មភាពរកស៊ីជួញដូរខុសច្បាប់ ផ្សេងៗទៀត ដោយប្រើប្រាស់ស៊ីរ៉ែនក្លែងបន្លំ ជារថយន្តគិលានសង្គ្រោះដឹករបស់របរដែល ច្បាប់ហាមឃាត់ជាដើម។ កត្តានេះ បានជះឥទ្ធិពលអាក្រក់ មកលើកម្ពុជាជាពិសេសភ្ញៀវទេសចរណ៍ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងផ្ទុយពីកម្ពុជា បច្ចុប្បន្នកំពុងទទួលបាន សក្តានុពល និងកំណើនភ្ញៀវទេសចរ តាមគោលដៅកំណត់ របស់រាជរដ្ឋាភិបាល៕
សូមអានលិខិតទាំងស្រុង៖