Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​ ភ្លើងស្តុបចំនួន៤កន្លែង ជាលើកដំបូងនៅបាត់ដំបង ចូលរួមការគោរពច្បាប់ចរាចរណ៍

05-01-2016 13:51

(បាត់ដំបង)៖​ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ភ្លើងស្តុបចំនួន៤កន្លែង ជាលើកដំបូង នៅខេត្តបាត់ដំបង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងចូលរួមកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ក្នុងក្រុងបាត់ដំបង។

ពីធីសម្ពោធនេះ ក៏មានការអញ្ជើញចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរនានា មន្រ្តីរាជការ សិស្សានុសិស្សបានចូលរួមផងដែរ។

អភិបាលក្រុងបាត់ដំបង បានឡើងថ្លែង ស្តីពីលទ្ធផលការងារ និងកិច្ចសហការរវាងរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ក្រុងបាត់ដំបង មានគម្រោងតម្លើងភ្លើងស្តុប ចំនួន១០កន្លែង តែពេលនេះទើបតែតម្លើងបាន៤កន្លែង និងបានដាក់សម្ពោធឲ្យប្រើប្រាស់ នាថ្ងៃនេះតែម្តង។

លោក ច័ន្ទ សុផល បានថ្លែងថា បន្ទាប់ពីមានការរីកចម្រើន លើគ្រប់វិស័យកន្លងមក ថ្ងៃនេះយើងបានសម្ពោធសមិទ្ធិផលថ្មីមួយទៀត ដែលមិនធ្លាប់មានពីមុនមក គឺយើងបានតម្លើងភ្លើងស្តុបសញ្ញាចរាចរណ៍បាន៤កន្លែងរួចរាល់​ និងបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ហើយ៦កន្លែងទៀត កំពុងតែតម្លើងជាបណ្តើរៗ និងដាក់ឲ្យប្រើប្រាស់ នៅពេលក្រោយបន្តទៀត។

លោក អភិបាលខេត្តបានបញ្ជាក់ទៅកាន់កូនៗក្មួយ និងប្រជាពលរដ្ឋថា ពេលយើងមានភ្លើងស្តុប សញ្ញាចរាចរណ៍ហើយ យើងត្រូវនាំគ្នាគោរពឲ្យបានគ្រប់គ្នា ទោះជាពេលដែលផ្លូវនោះស្ងាត់ពុំមានយានយន្តណាឆ្លងកាត់ក៏ដោយ ក៏យើងរងចាំសញ្ញាចរាចរណ៍ ភ្លើងស្តុបនេះដើរសិន ទើបយើងមានសិទ្ធិឆ្លងកាត់បាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុណាមួយ បានកើតឡើង។