(ភ្នំពេញ)៖ បណ្ដាគណបក្សនយោបាយលើសកលលោក នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ បានចេញលិខិតចំហររួមមួយស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ កាន់តែជិតស្និត ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩។ នេះបើតាមលិខិតចំហររួមរបស់សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃពុធនេះ។
លិខិតចំហររួមបានបញ្ជាក់ថា៖ សព្វថ្ងៃនេះដោយវីរុសកូវីដ-១៩ កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក ការរីករាលដាលនេះ បានក្លាយជាបញ្ហាប្រឈមបន្ទាន់ និងធ្ងន់ធ្ងរបំផុត ចំពោះសុខភាពមនុស្សជាតិ និងសន្តិភាពពិភពលោក និងការអភិវឌ្ឍ។ នៅពេលកំពុងប្រឈមមុខនឹងស្ថានភាពដែលមិនធ្លាប់កើតមានពីមុនមក បណ្តាគណបក្សនយោបាយសំខាន់ៗ មកពីបណ្ដាប្រទេសផ្សេងៗ បានបំពេញភារកិច្ចដ៏សំខាន់ក្នុងការលើកស្ទួយ សុខុមាលភាពប្រជាជន ការលើកកម្ពស់ការអភិវឌ្ឍជាតិ និងថែរក្សាសន្តិភាព និងស្ថិរភាពពិភពលោក។ នាពេលនេះ បណ្ដាគណបក្សនយោបាយលើសកលលោកសូមចេញនូវសេចក្តីអំពាវនាវរួមគ្នាមួយដូចខាងក្រោម៖
១៖ យើងសូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតដល់ប្រជាជន បុគ្គលិកសុខាភិបាល ជាពិសេសដែលបានលះបង់ខ្លួន ដើម្បីជួយសង្គ្រោះអាយុជីវិត និងការពារសុខភាពប្រជាជន។ យើងសូមសម្តែងនូវសមានចិត្ត និងការព្រួយបារម្ភបំផុតចំពោះអ្នកដែលកំពុងរងទុក្ខ និងស្ថិតក្រោមការគំរាម កំហែងដល់អាយុជីវិត ដោយសារវីរុសកូវីដ-១៩ ក៏ដូចជាក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជីវិត។ យើងក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះអ្នកដែលបានទទួលមរណភាព ដ៏អកុសល ដោយសារការផ្ទុះឡើងនៃជម្ងឺនេះ។
២៖ យើងសូមទទួលស្គាល់ថា ប្រសិនបើការរីករាលដាលនៃវីរុសកូវីដ-១៩ មិនអាចទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពនិងឆាប់រហ័សនោះទេ វានឹងបង្កអន្តរាយកាន់តែខ្លាំងឡើងដល់អាយុជីវិត សុវត្ថិភាព និងសុខភាពរបស់មនុស្សកាន់តែច្រើនឡើង ហើយនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃបណ្តាប្រទេសជាច្រើន រួមទាំងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ យើងសូមអំពាវនាវដល់ប្រទេសទាំងអស់ឱ្យទុកអាយុជីវិត សុវត្ថិភាព និងសុខភាពរបស់ប្រជាជនជាធំជាងអ្វីៗ ទាំងអស់ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសកូវីដ-១៩។
៣៖ យើងសូមគាំទ្រដល់បណ្ដាប្រទេសនានា ក្នុងការដាក់ចេញនូវផែនការនិងយុទ្ធសាស្ត្រត្រៀមក្នុងគ្រាមាន អាសន្ននានា ដើម្បីទប់ទល់នឹងជម្ងឺរាតត្បាតនេះ ទៅតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសរៀងៗ ខ្លួន និងពង្រឹងកិច្ចសហប្រតិបត្តិការ ដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់ស្មើគ្នា ទាំងលើការទប់ស្កាត់ការបន្តការរីករាលដាលបន្ថែម ទាំងលើការព្យាបាលអ្នកជម្ងឺ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទំនើបឱ្យបានពេញលេញ ដើម្បីធានាបាននូវលទ្ធផលប្រសើរបំផុត និង ឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបាន។
៤៖ យើងសូមអំពាវនាវដល់សាធារណជនទូទៅនៃបណ្ដាប្រទេសទាំងអស់ ឱ្យគោរពតាមវិធានការណ៍បង្កា និងកាត់បន្ថយការរាលដាលនៃជម្ងឺរាតត្បាតនេះប្រកបដោយស្មារតីទទួលខុសត្រូវផ្នែកសង្គម ដ៏ត្រឹមត្រូវ។ យើងសូមលើកទឹកចិត្តដល់បណ្តាប្រទេសទាំងឡាយឱ្យបង្កើនកម្លាំង របស់អង្គការ សង្គមស៊ីវិល និងអ្នកស្ម័គ្រចិត្តឱ្យបានពេញលេញ ដើម្បីប្រមូលផ្តុំនូវកម្លាំងសង្គមសរុបដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩នេះ។
៥៖ យើងសូមលើកទឹកចិត្តដល់គ្រប់បណ្ដាប្រទេសទាំងអស់ នៅក្នុងខណៈពេលដែលកំពុងខិតខំប្រឹងប្រែងគ្រប់គ្រងជម្ងឺរាតត្បាតនេះ ឱ្យអនុវត្តនូវវិធីសាស្រ្តគ្រប់ជ្រុងជ្រោយរួមបញ្ចូលគ្នាមួយ ដើម្បី ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម អនុវត្តវិធានការណ៍ដែលមានគោលដៅច្បាស់លាស់ដើម្បី ការពារក្រុមជនងាយរងគ្រោះ និងសហគ្រាសធុនតូចនិងមធ្យម និងប្តេជ្ញាចិត្តដើម្បីលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន និងវឌ្ឍនភាពសង្គម។ យើងសូមលើកទឹកចិត្តដល់បណ្តាប្រទេស ទាំងអស់ឱ្យបង្កើនការសម្របសម្រួលអន្តរជាតិនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដើម្បីរក្សាស្ថិរភាព នៃទីផ្សារហិរញ្ញវត្ថុពិភពលោក ក៏ដូចជាខ្សែសង្វាក់ផលិតកម្មឧស្សាហកម្មនិងការផ្គត់ផ្គង់ និងដើម្បី
កាត់បន្ថយនិងលើកលែងពន្ធសម្រាប់ការសម្របសម្រួលពាណិជ្ជកម្ម ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។ បណ្តាប្រទេសទាំងអស់ក៏ត្រូវបានលើកទឹកចិត្តឱ្យរក្សាកម្រិតសមស្របនៃ ការផ្លាស់ប្តូរអន្តរជាតិ និងជាពិសេស សម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃបរិក្ខារពេទ្យ និងសម្ភារៈសម្រាប់ពាក់ការពារ ដែលចាំបាច់ជាបន្ទាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ នេះ។
៦៖ យើងដឹងហើយថាការរីករាលដាលនៃវីរុសនេះមិនមានព្រំដែននោះទេ ហើយគ្មានប្រទេសណាមួយ អាចឆ្លើយតបនឹងបញ្ហាប្រឈមនៃការរីករាលដាលនៃវីរុសកូវីដនេះតែឯងបានឡើយ។ បណ្តាប្រទេសទាំងឡាយចាំបាច់ត្រូវបង្កើនការយល់ដឹងនៃស្មារតីនៃសហគមន៍នៃអនាគតរួម សម្រាប់មនុស្សជាតិ និងជួយនិងគាំទ្រគ្នាទៅវិញទៅមកដោយបុរេសកម្ម នៅពេលដែលស្ថានភាពកាន់តែលំបាក។កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែជិតស្និទ្ធ សម្របសម្រួលគោលនយោបាយ និងសកម្មភាពរួមគ្នា និងការកៀគរធនធាននិងកម្លាំងជាសកល នឹងជួយឱ្យយើងកម្ចាត់វីរុសនេះ ដែលជាសត្រូវរួមរបស់ មនុស្សជាតិ។
៧៖ យើងកត់សម្គាល់ពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ នៅប្រទេស ចិន និងប្រទេសមួយចំនួនទៀត ដែលបានចំណាយពេលវេលា និងចែករំលែកនូវបទពិសោធន៍ដល់ ប្រទេសដទៃទៀតនៃសហគមន៍អន្តរជាតិ។ យើងសូមកោតសរសើរ ចំពោះបណ្តាប្រទេសនានារួមទាំងប្រទេសចិន ដែលប្រកាន់ខ្ជាប់នូវឥរិយាបទបើកចំហ ប្រកបដោយតម្លាភាព និងទំនួលខុសត្រូវ ក្នុងការបង្ហាញព័ត៌មានពាក់ព័ន្ធនានាបានទាន់ពេលវេលា ចែករំលែកបទពិសោធន៍ស្តីពីការឆ្លើយតបនឹងជម្ងឺរាតត្បាត និងការព្យាបាលអ្នកជម្ងឺ ហើយជាពិសេសផ្តល់បរិក្ខារពេទ្យ និងសម្ភារៈផ្សេងៗឱ្យ អស់ពីលទ្ធភាពទៅប្រទេសដែលរងគ្រោះផ្សេងៗ។ ទាំងនេះតំណាងឱ្យការរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងជាសកលចំពោះវីរុសកូវីដ-១៩ ដែលបានផ្តល់នូវក្តីសង្ឃឹម និងទំនុកចិត្តដល់ ប្រទេសដទៃទៀតថា ពួកគេអាចយកឈ្នះលើសមរភូមិប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។
៨៖ យើងសូមស្វាមគមន៍ចំពោះសេចក្តីថ្លែងការណ៍ដ៏មានសារៈសំខាន់របស់កិច្ចប្រជុំកំពូលវិសាមញ្ញ នៃ ថ្នាក់ដឹកនាំប្រទេសទាំង២០ (G20) ស្តីពីវីរុសកូវវីដ-១៩ និងគាំទ្រប្រទេសនានា ដើម្បីបង្កើនការ ចែករំលែកបទពិសោធន៍និងកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ត ក្នុងការទប់ទល់នឹងការរាតត្បាត រួមមានការស្រាវជ្រាវនិងការអភិវឌ្ឍថ្នាំព្យាបាល វ៉ាក់សាំង និងការសាកល្បងជាក់លាក់រួមគ្នា។ យើងសូមអំពាវនាវឱ្យមានការផ្គត់ផ្គង់សម្ភារៈ បច្ចេកទេស និងការគាំទ្រផ្សេងទៀត ដល់ប្រទេស កំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានប្រព័ន្ធសុខាភិបាលសាធារណៈទន់ខ្សោយ។ សូមឱ្យពន្លឺព្រះអាទិត្យនៃកិច្ចសហប្រតិបត្តិការបំបែកភាពងងឹតនៃជម្ងឺរាតត្បាតជាសកលនេះ។
៩៖ យើងសូមអំពាវនាវឱ្យមានការពិភាក្សាប្រកបដោយវិជ្ជាជីវៈផ្អែកលើវិទ្យាសាស្ត្រ អំពីបញ្ហាដូចជា វិធានការណ៍ការពារជម្ងឺរាតត្បាត និងប្រភពដើមនៃវីរុស។ យើងប្រឆាំងដាច់ខាតចំពោះការធ្វើនយោបាយ ដោយយកបញ្ហាសុខភាពសាធារណៈ និងការមាក់ងាយលើប្រទេសដទៃ ដោយយកលេសថាជាការគ្រប់គ្រងវីរុសកូវីដ-១៩។ យើងប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ចំពោះការប្រឆាំងនឹងរាល់មតិយោបល់ និងការអនុវត្តនានា ដែលមានលក្ខណៈរើសអើងចំពោះប្រទេស តំបន់ ឬក្រុមជនជាតិ ភាគតិចណាមួយ និងសូមអំពាវនាវដល់រដ្ឋាភិបាលនៃបណ្តាប្រទេសទាំងអស់ ឱ្យអនុវត្តវិធានការណ៍ បុរេសកម្ម ដើម្បីការពារសុខភាព សុវត្ថិភាព និងផលប្រយោជន៍ស្របច្បាប់របស់ជនបរទេស និងនិសិ្សតបរទេស ដែលស្ថិតនៅក្នុងប្រទេសរបស់ខ្លួន។
១០៖ យើងយល់ឃើញថា ការរាតត្បាតនៃវីរុសកូវីដ១៩ ចាំបាច់ឱ្យបណ្ដាប្រទេសទាំងអស់ជំរុញទស្សន វិស័យអំពីអភិបាលកិច្ចសកល ក្នុងការសម្រេចបាននូវកំណើនរួម តាមរយៈកិច្ចពិភាក្សានិង ការសហការគ្នា និងគាំទ្រតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក ក្នុងកិច្ចការអភិបាលកិច្ចប្រព័ន្ធសុខាភិបាលសាធារណៈពិភពលោក។ យើងសូមអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យបង្កើនកិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌ G20 និងយន្ដការអន្ដរជាតិផ្សេងទៀតសម្រាប់ការបង្កា និងការគ្រប់គ្រងជម្ងឺនេះជាលក្ខណៈអន្តរជាតិ ប្រកប ដោយប្រសិទ្ធភាព ក្នុងពេលដែលយើងខិតខំប្រឹងប្រែង ក្នុងការកសាងសហគមន៍សកលលោកនៃ អនាគតរួម សម្រាប់សុខភាពសាធារណៈ។
គណបក្សនយោបាយលើសកលលោក ក៏បានប្តេជ្ញារក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធ នៅក្នុងកាលៈទេសៈមិនប្រក្រតីនេះ និងធានាបាននូវ ការអនុវត្តតួនាទីដ៏ត្រឹមត្រូវនៃការដឹកនាំនយោបាយ ក្នុងគោលបំណងចាក់បញ្ចូលថាមពលនយោបាយ ទៅក្នុងយុទ្ធនាការសកលប្រឆាំងកូវីដ-១៩។
គណបក្សទាំងនេះជឿជាក់យ៉ាងមុតមាំថា រាល់បញ្ហាលំបាកនាពេល បច្ចុប្បន្ននេះមានលក្ខណៈជាបណ្តោះអាសន្នតែប៉ុណ្ណោះ ដូចជាពន្លឺព្រះអាទិត្យនឹងបញ្ចេញពន្លឺក្រោយព្យុះភ្លៀង។ ប្រសិនបើសហគមន៍អន្តរជាតិខិតខំប្រឹងប្រែងរួមគ្នា ប្រកបដោយការជឿជាក់និងការប្តេជ្ជា ចិត្ត និងប្រកាន់យកអភិក្រមបែបវិទ្យាសាស្ត្រ និងមានគោលដៅច្បាស់លាស់ នោះប្រាកដជានឹងទទួលបាននូវជ័យជំនះក្នុងសមរភូមិចុងក្រោយ នៅក្នុងយុទ្ធនាការជាសកលប្រឆាំងទៅនឹងវីរុសកូវីដ-១៩។ យើងមានជំនឿថា បន្ទាប់ពីជម្ងឺរាតត្បាតជាសកលនេះ សហគមន៍នៃអនាគតរួមសម្រាប់មនុស្សជាតិនឹងលេចរូបរាងចេញកាន់តែខ្លាំងឡើង ហើយមនុស្សជាតិនឹងមានអនាគតកាន់តែប្រសើរ៕
ខាងក្រោមនេះជាលិខិតចំហររួម របស់បណ្ដាគណបក្សនយោបាយលើសកលលោក