(ឧត្តរមានជ័យ)៖ ទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ បន្តនាំយកស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងក្រមាផងដែរ ចែកជូនប្រជាពលរដ្ឋខ្វះខាត និងជួបការលំបាកក្នុងជីវភាពបណ្តាលមកពីជំងឺកូវីដ១៩ នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ស្បៀងអាហារដែលផ្តល់ជូននាពេលនោះរួមមាន៖ អង្ករ ត្រីខ ទឹកស៊ីអ៉ីវ និងទឹកត្រីជាដើម។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់នាពេលនោះថា ស្បៀងអាហារទាំងនេះ ដើម្បីរួមចំណែកដោះស្រាយការលំបាកមួយគ្រារបស់ប្រជាពលរដ្ឋ តែរូបលោក និងក្រុមការងារ នឹងបន្តប្រឹងស្វះស្វែងរកការឧបត្ថម្ភនានាពីសប្បុរសជនមកជួយប្រជាពលរដ្ឋខ្វះខាតបន្ថែមទៀត។
ជាមួយនឹងការចុះចែកស្បៀងអាហារនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានជម្រាបប្រជាពលរដ្ឋពីទុក្ខលំបាករបស់រាជរដ្ឋាភិបាលទាំងមូល ដែលបណ្តាលមកពីជំងឺកូវីដ១៩ ហើយក៏បានជម្រាបពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហាលំបាកទាំងឡាយនេះផងដែរ។
លោកទេសរដ្ឋមន្ត្រី បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីដោះស្រាយការលំបាកទាំងឡាយរបស់សង្គមជាតិ និងប្រជាជនកម្ពុជា។
«សូមបងប្អូនមេត្តាយោគយល់ចំពោះទុក្ខលំបាករបស់សង្គមជាតិរបស់យើងក្នុងគ្រានេះ។ រាជរដ្ឋាភិបាលរបស់យើងដែលមានសម្តេចតេជោ ហ៊ុន សែន គឺប្រឹងប្រែងសព្វបែបយ៉ាងទាំងអស់ ដើម្បីដោះស្រាយការលំបាកទាំងនេះ។ សម្តេចតេជោរបស់យើងលោកមិនរត់ចោលយើងឡើយ លោកនឹងប្រឹងប្រែងគ្រប់លទ្ធភាពទាំងអស់ ដើម្បីជម្នះការលំបាករបស់ជាតិ និងប្រជាជនយើងនាពេលនេះ»។ លោកទេសរដ្ឋមន្ត្រី ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងពេលអញ្ជើញចុះប្រគល់ស្បៀងអាហារតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងការចែកអំណោយស្បៀងអាហារនេះ លោក គន់ គីម ក៏បានក្រើនរំលឹកប្រជាពលរដ្ឋផងដែរឱ្យអនុវត្តន៍តាមវិធានណែនាំទាំងឡាយ របស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីការចម្លង និងឆ្លងជំងឺកូវីដ១៩។
បើទោះបីជាយ៉ាងណាលោក គន់ គីម បានសម្តែងការសប្បាយចិត្តដែលប្រជាពលរដ្ឋនៅក្នុងស្រុកអន្លង់វែង បានជ្រូតជ្រាបពីវិធានការពារជំងឺកូវីដ១៩ ហើយចូលរួមអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន ដើម្បីបញ្ចៀសពីការចម្លង ឬឆ្លងជំងឺកូវីដ១៩នេះ។
សូមបញ្ជាក់ថា មកដល់ពេលនេះខេត្តឧត្តរមានជ័យ មិនទាន់មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ។ បើទោះបីជាយ៉ាងនេះក្តី លោកទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំដល់ក្រុមការងារចុះអប់រំ និងផ្សព្វផ្សាយជាប់ជាប្រចាំនូវសារអប់រំពីវិធានការពារជំងឺកូវីដ១៩។
លោក ក៏បានចាត់ចែងក្រុមការងារចុះវាស់កំដៅប្រជាពលរដ្ឋទើបត្រឡប់មកពីប្រទេសថៃ និងណែនាំឱ្យពួកគេដាក់ខ្លួននៅដាច់ដោយឡែករយៈពេល១៤ថ្ងៃផងដែរ ដើម្បីបង្ការការចម្លងជំងឺកូវីដ១៩នេះ៕