(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ដ្រីថ្មីនៃក្រសួងយុត្ដិធម៌ បានប្រកាសប្តេជ្ញាចិត្តក្នុងការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា។
ការប្រកាសប្តេជ្ញាចិត្តរបស់លោក កើត រិទ្ធ បានធ្វើឡើងនៅក្នុងពិធីប្រកាសចូលកាន់តំណែងរបស់លោក ដែលធ្វើឡើងក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ។
នៅក្នុងពិធីនេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីវ័យក្មេងនៃរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានការផ្តល់សេចក្តីទុកចិត្តពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្តេជ្ញាចិត្តថា រូបលោកនឹងស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងបន្ដអនុវត្តយ៉ាងសកម្មនូវនយោបាយយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ជាពិសេសការបន្ដអនុវត្តគោលនយោបាយ និងកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដើម្បីលើកកម្ពស់គុណភាព នៃការផ្ដល់សេវាយុត្តិធម៌ឲ្យបានត្រឹមត្រូវ សំដៅបង្កើនការទំនុកចិត្តពីសាធារណៈជនលើវិស័យយុត្តិធម៌។
លោក កើត រិទ្ធ បន្តថា លោកនឹងបន្ដសមិទ្ធផលកំណែទម្រង់ដែលសម្រេចបាន ព្រមទាំងបន្ដពង្រឹង និងពង្រីកសមិទ្ធផលកំណែទម្រង់បន្ថែមទៀត ដើម្បីជាផលប្រយោជន៍សម្រាប់វិស័យយុត្តិធម៌ និងសង្គមជាតិ និងពង្រឹងប្រព័ន្ធអភិបាលកិច្ចល្អ ដើម្បីធ្វើជាស្នួលក្នុងការដឹកនាំវិស័យយុត្តិធម៌ ក៏ដូចជាធានាសាមគ្គីភាពផ្ទៃក្នុង ក្នុងជួរថ្នាក់ដឹកនាំនៃវិស័យនេះ ដើម្បីឲ្យមានការចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងបុព្វហេតុ នៃកំណែទម្រង់។
បន្ថែមពីលើនោះលោក ក៏នឹងពង្រឹងសុច្ចរិតភាព និងភាពត្រឹមត្រូវនៃការអនុវត្តការងាររបស់មន្ដ្រីតុលាការ តាមរយៈការពង្រឹងវិន័យ សិលធម៌ វិជ្ជាជីវៈក្នុងវិស័យនេះ សំដៅលើកកម្ពស់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ នៃអង្គតុលាការបន្ថែមទៀត។
លោករដ្ឋមន្ដ្រីដែលមានអតីតភាពជានិស្សិតអាហារូបករណ៍ផ្នែកច្បាប់ដ៏ឆ្នើមពីប្រទេសបារាំងរូបនេះ បានគូសបញ្ជាក់ថា ដើម្បីសម្រេចបានគោលដៅ និងការប្តេជ្ញាចិត្តទាំងនេះ គឺទាមការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់នៃក្រសួងយុត្ដិធម៌ ក៏ដូចជាមន្ដ្រីតុលាការគ្រប់ជាន់ថ្នាក់ ព្រមទាំងស្ថាប័នពាក់ព័ន្ធដទៃទៀត។
សូមបញ្ជាក់ថាលោក កើត រិទ្ធ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំនួសលោក អង្គ វង្សវឌ្ឍនា ដែលកាន់នៅក្រសួងនេះរយៈពេល១៦ឆ្នាំ។ លោក កើត រិទ្ធ ត្រូវបានរដ្ឋសភាផ្តល់សេចក្តីទុកចិត្តនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
លោក កើត រិទ្ធ បានក្លាយជារដ្ឋមន្ត្រីវ័យក្មេងមួយរូបទៀត បន្ទាប់ពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សម្រាប់រាជរដ្ឋាភិបាលកម្ពុជា។
លោក កើត រិទ្ធ អាយុ ៤១ឆ្នាំ កើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៧៩ និងមានទីកំណើតនៅភូមិព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ លោក គឺជានិស្សិតដែលតស៊ូព្យាយាមសិក្សា ទោះបីជាជីវភាពគ្រួសារមិនសូវធូរធារក្តី តែលោកនៅតែខិតខំជួយរបរគ្រួសារផង និងខំរៀនផង រហូតទទួលបានអាហាររូបករណ៍សិក្សាផ្នែកច្បាប់នៅប្រទេសបារាំងនៅឆ្នាំ ១៩៩៩។
ឆ្នាំ២០០០ លោកទទួលបានបរិញ្ញាបត្រនីតិឯកជនពីសាកលវិទ្យាល័យលីយ៉ុង២ ប្រទេសបារាំង។ ឆ្នាំ២០០១ លោកទទួលបានសញ្ញាបត្រ Maîtrise ផ្នែកច្បាប់ពីសាកលវិទ្យាល័យលីយ៉ុង២ ជាមួយនិទ្ទេសល្អណាស់។ ឆ្នាំ២០០២ ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ព្រហ្មទណ្ឌ និងវិទ្យាសាស្រ្តនៃបទឧក្រិដ្ឋ នៅសាកលវិទ្យាល័យលីយ៉ុង៣ប្រទេសបារាំងផងដែរ។
លោក កើត រិទ្ធ បានសម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាវិញ ដោយជាដំបូងលោកបានធ្វើជាសាស្រ្តាចារ្យផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យសាស្រ្តសេដ្ឋកិច្ច ទាំងថ្នាក់ភាសាបារាំង និងភាសាខ្មែរ។
ចាប់តាំងពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១៦ ដើម្បីចែករំលែកចំណេះដឹងដល់និស្សិតខ្មែរ និងមន្រ្តីរាជការ។ លោក កើត រិទ្ធ ជាស្ថាបនិកក្នុងការបង្កើតនូវក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌមួយរូបក្នុងចំណោមថ្នាក់ដឹកនាំផ្សេងទៀតផងដែរនៃក្រសួងយុត្តិធម៌។ នៅក្នុងអំឡុងពេលនោះ លោក កើត រិទ្ធ ក៏ជាបុគ្គលដែលបានចុះផ្សព្វផ្សាយច្បាប់ទាក់ទង នឹងក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌទៅដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីអនុវត្តច្បាប់ តាមបណ្តាខេត្តផងដែរ។
មានសមទ្ធិផលមួយចំនួនផងដែរ ដែលលោក កើត រិទ្ធ បានបន្សល់ទុកសម្រាប់បញ្ញវន្តជំនាន់ក្រោយ។ លោកបានចូលរួមក្នុងការធ្វើសៀវភៅច្បាប់ដែលមានដូចជា៖ សៀវភៅសេចក្តីផ្តើមនៃច្បាប់កម្ពុជា បោះពុម្ពផ្សាយក្នុងឆ្នាំ២០០៣ និង២០០៥, សៀវភៅកំណត់ពន្យល់លើសេចក្តីព្រាងក្រមព្រហ្មទណ្ឌទាក់ទងលើវិភាគទានលើ ការសិក្សាច្បាប់ព្រហ្មទណ្ឌកម្ពុជា បោះពុម្ពឆ្នាំ២០០៥, អត្ថបទស្តីពីធាតុផ្សំនៃបទល្មើសរំលោភ និងការវិវត្តរបស់វានៅក្នុងច្បាប់ព្រហ្មទណ្ឌកម្ពុជា បោះពុម្ពឆ្នាំ២០០៦ ក្នុងព្រឹត្តបត្រនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យសាស្ត្រសេដ្ឋកិច្ច និងសៀវភៅ នីតិកម្ពុជា បោះពុម្ពផ្សាយក្នុងឆ្នាំ២០១៦ ដើម្បីឲ្យនិស្សិត ក៏ដូចជាអ្នកសិក្សាផ្នែកច្បាប់ រឹតតែមានឯកសារសម្រាប់សិក្សាច្រើនផងដែរ។
ដោយមើលឃើញពីស្នាដៃ និងការខិតខំប្រឹងប្រែងរបស់លោក ជាពិសេសចំណេះដឹងផ្នែកច្បាប់ទូលំទូលាយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៧ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យតែងតាំង លោក កើត រិទ្ធ ជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលមានការស្នើសុំពីសម្តេចតេជោ ហ៊ុន សែន។ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ រហូតដល់ថ្ងៃ៣០ ខែមីនា ឆ្នាំ២០២០ ត្រូវបានសម្តេចតេជោ សម្រេចជ្រើសតាំងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌៕