Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គិភ័យលេបត្របាក់ ផ្ទះអស់ ២ខ្នង នៅកន្លែងផ្សេងគ្នា ក្នុងស្រុកពាមរក៌ ខេត្តព្រៃវែង

01-04-2020 17:54

(ព្រៃវែង)៖ គ្រាន់តែចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ មានករណីអគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋទាំងស្រុងចំនួន២ខ្នង នៅកន្លែងផ្សេងគ្នា ក្នុងស្រុកពាមរក៌ ខេត្តព្រៃវែង។

ដោយករណីទី១ បានកើតឡើងនៅវេលាម៉ោង៣ទាបភ្លឺ ព្រឹកថ្ងៃទី១ ខែមេសា នៅចំណុចភូមិ៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌ ផ្ទះនេះជាប្រភេទផ្ទះឈើ ជញ្ជាំង និងដំបូលប្រក់សង្ក័សី មានទំហំ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ។

សមត្ថកិច្ចបានឱ្យដឹងថា ករណីអគ្គីភ័យផ្ទះទី១នេះ បណ្តាលមកពីផ្ទុះកំប៉ុងហ្គាស់នៅក្នុងផ្ទះ ហើយដោយសារតែផ្ទះនេះម្ចាស់ទុកចោល ទៅរស់នៅភ្នំពេញអស់ ទើបពេលកើតហេតុភ្លាម គ្មានអ្នកពន្លត់ទាន់ រហូតទាល់តែកើតជាអណ្តាតភ្លើងឆេះពេញបន្ទុក ទើបអ្នកជិតខាងដឹងផ្អើល នាំគ្នាជួយពន្លត់រហូតរលត់អស់ ក្នុងរយៈពេលតែ៣០នាទីប៉ុណ្ណោះ។

ដោយឡែកករណីទី២ បានកើតឡើងនៅវេលាម៉ោង៤ទាបភ្លឺ ក្រោយករណីទី១តែ ១ម៉ោងប៉ុណ្ណោះ ដោយបានកើតឡើងនៅចំណុចភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៌ដដែល។ ផ្ទះទី២នេះជាប្រភេទផ្ទះឈើ ជញ្ជាំងសង្ក័សី ដំបូលប្រក់ក្បឿង មានទំហំ៤ម៉ែត្រ គុណនឹង៦ម៉ែត្រ មានម្ចាស់ផ្ទះឈ្មោះ ចំរើន ភេទប្រុស អាយុ៤៨ឆ្នាំ ជាបុរសពោះម៉ាយ ដោយប្រពន្ធកូននាំគ្នារត់ចោលអស់ហើយ។

មូលហេតុនៃអគ្គីភ័យនេះ ត្រូវបានសមត្ថកិច្ចឱ្យដឹងថា កើតឡើងដោយសារតែផ្ទុះសេខ្សែភ្លើងនៅក្នុងផ្ទះ ហើយខ្សែភ្លើងបានដាច់ធ្លាក់ មកត្រូវមុខដែលម្ចាស់ផ្ទះកំពុងដេក ទើបធ្វើឱ្យឆាបឆេះកើតជាអគ្គីភ័យតែម្តង។ ក្នុងហេតុការណ៍នេះ សមត្ថកិច្ចនគរបាលស្រុកពាមរក៌ បានប្រើរថយន្តពន្លត់អគ្គីភ័យ បាញ់ទឹកអស់ចំនួន២រថយន្ត ទើបអាចពន្លត់ភ្លើងបានជាស្ថាពរ ប៉ុន្តែទ្រព្យសម្បត្តិក្នុងផ្ទះទាំងអស់ មិនអាចជួយសង្គ្រោះបានទេ គឺត្រូវភ្លើងឆេះអស់ទាំងស្រុង ម្ចាស់ផ្ទះនៅសល់តែលុយ ៦ពាន់រៀល ដែលនៅក្នុងខ្លួនប៉ុណ្ណោះ៕