(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានជូនដំណើរ លោកវរសេនីយ៍ឯកពិសេស ចាង ធិរិន ប្រធានក្រុមការងារ ដឹកនាំសមយុទ្ធនាគមាស នៃកងទ័ពរំដោះប្រជាជនចិន និងបន្តជូនដំណើរដល់កងទ័ពរថពាសដែក, កងទ័ពថ្មើរជើងចិន នៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ខេត្តកំពត និងកងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិន នៅទីបញ្ជាការកងពលតូចលេខ៧០ រាជធានីភ្នំពេញ ដើម្បីធ្វើមាតុភូមិនិវត្តន៍ ចាប់ពីថ្ងៃទី៣១ ខែមីនារហូតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។
សូមបញ្ជាក់ថា លំហាត់សមយុទ្ធនាគមាសភាគីទាំងពីរ បានឯកភាពបង្កើតឲ្យមានលំហាត់ហ្វឹកហ្វឺននេះ រៀងរាល់មួយឆ្នាំម្តង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា។ លំហាត់នាគមាស ឆ្នាំ២០២០ ត្រូវបានគេមើលឃើញថា មានលក្ខណៈទ្រង់ទ្រាយធំ ដោយមានកម្លាំងទ័ព និងសព្វាវុធចូលរួមច្រើនជាងមុនផងដែរ។
សូមជម្រាបថា កងពលតូចលេខ៧០ មានយុទ្ធជនចូលរួមហ្វឹកហាត់ គឺកងរថពាសដែក ដែលមានទ័ពថ្មើរជើងមកពីវរសេនាតូចទ័ពពិសេស និងគ.គាំទ្រ បាញ់កាំភ្លើងត្បាល់ និងរៀបចំទីលានសម្រាប់បម្រើការ ក្នុងសមយុទ្ធនាគមាស២០២០៕