(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ជនជាប់ឃុំក្នុងពន្ធនាគារនៅទូទាំងប្រទេស សរុបមានចំនួន ៣៨,៩៩០នាក់ ក្នុងនោះស្ដ្រី ២,៥៩៣នាក់ ដែលភាគច្រើនជាបទល្មើសគ្រឿងញៀន។
ការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ របស់រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ថ្មី គឺលោក កើត រិទ្ធ ជំនួសលោក អង្គ វង្ស វឌ្ឍនា ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកជាប់ឃុំទាំងអស់នោះរួមមាន៖ ជនត្រូវចោទ និងជនជាប់ចោទ មានចំនួន១៤,៧៩១នាក់ ក្នុងនោះជនជាប់ចោទ មានចំនួន៤,៧២៥នាក់, ពិរុទ្ធជន មានចំនួន១៣,៤០២នាក់ ក្នុងនោះស្ដ្រី៩០៣នាក់, ពិរុទ្ធជនជាប់បណ្ដឹងនៅសាលាឧទ្ធរណ៍ ចំនួន៩៩៦នាក់, ពិរុទ្ធជនជាប់បណ្ដឹងនៅតុលាការកំពូល ចំនួន១៣១នាក់, ពិរុទ្ធជនមិនទាន់ទទួលបានសាលក្រម ឬសាលដីកាស្ថាពរ ចំនួន១២,៣០៥នាក់, ទណ្ឌិត ចំនួន១០,១៩៧នាក់។
សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា សម្រាប់ជនជាប់ឃុំពាក់ព័ន្ធបទល្មើសគ្រឿងញៀន គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ មានចំនួន២២,១៧៦នាក់ ស្ដ្រី១,៩០២នាក់ ស្មើនឹង៥៧.៧ភាគរយ នៃចំនួនអ្នកជាប់ឃុំសរុប ៣៨,៩៩០នាក់។ ក្នុងនោះជនត្រូវចោទ និងជនជាប់ចោទ ចំនួន៩,១២៨នាក់ ស្ដ្រី៧២៦នាក់, ពិរុទ្ធជន ចំនួន៧,៨១៨នាក់, ទណ្ឌិត ចំនួន៥,២៣០នាក់។
បើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង វឌ្ឍនភាពនៃការពន្លឿននីតិវិធី នៃការជំនុំជម្រះ និងចេញសាលក្រម ឬសាលដីកាស្ថាពរ គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ជនជាប់ឃុំមិនទាន់ទទួលបានសាលក្រមស្ថាពរ ឬសាលដីកាស្ថាពរ ចំនួន១១,១៨៣នាក់។
សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកថា ការកកស្ទះសំណុំរឿងនៅតាមស្ថាប័នតុលាការ កាន់តែមានភាពស្មុគស្មាញ ជាពិសេសបន្ទាប់ពីការដាក់ឲ្យ ដំណើរការដោយជោគជ័យនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ចំនួន៤លើក ដែលនេះជាបញ្ហាប្រឈមចំពោះមុខមួយ ដែលត្រូវរួមគ្នាដើម្បីដោះស្រាយ៕