(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ជាថ្មីថា បើទោះបីប្រទេសកម្ពុជា កំពុងតែប្រឈមនឹងជំងឺឆ្លងកូវីដ១៩ (Covid-19) ប៉ុន្ដែចំពោះអង្ករ ត្រី សាច់ និងបន្លែ កម្ពុជា នៅតែអាចបំពេញតម្រូវការ របស់ប្រជាពលរដ្ឋបាន។
ការបញ្ជាក់ជាថ្មីបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក វេង សាខុន អមដោយលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធាន រដ្ឋបាលជលផល ចុះពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០នេះ។
លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់យ៉ាងដូច្នេះថា «ទោះជាប្រទេសយើង កំពុងស្ថិតក្នុងស្ថានភាពប្រឈម នឹងការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច ដោយសារជំងឺឆ្លងកូវីដ-១៩ ប៉ុន្តែផលិតផលកសិកម្មយើងអាចធានាបាននូវសន្តិសុខស្បៀងបាន គ្រប់គ្រាន់ទាំងអង្ករ ត្រី សាច់ និងបន្លែ សម្រាប់រយៈពេលយូអង្វែង»។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តី ដែលបានខិតខំប្រឹងប្រែង តស៊ូក្នុងស្មារតីទទួលខុសត្រូវ យកចិត្តទុកដាក់ សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍មជ្ឈមណ្ឌល ឲ្យមានការរីកចម្រើន ស្របតាមការអភិវឌ្ឍវារីវប្បកម្ម នាពេលបច្ចុប្បន្ន។
លោកសុំឲ្យមជ្ឈមណ្ឌលគិតគូ ពីការធ្វើពាណិជ្ជកម្ម គឺមានន័យថា បង្កាត់ពូជ ចិញ្ចឹម និងធ្វើអាជីវកម្ម ដើម្បីបង្កើតប្រភព ចំណូល យកមកបំពេញបន្ថែម នូវតម្រូវការ របស់មជ្ឈមណ្ឌលធ្វើយ៉ាងណា ឲ្យមជ្ឈមណ្ឌលមានការវិវឌ្ឍន៍ដោយចិរភាព និងនិរន្តរភាព ជាពិសេសលើកកម្ពស់កំរិតជីវភាព របស់មន្រ្តីឲ្យបានល្អប្រសើរ៖
* គួរស្វែងរកដៃគូ ជាមួយក្រុមហ៊ុនឯកជន ឬកសិដ្ឋានចិញ្ចឹមត្រី ដើម្បីសហការធ្វើជាអ្នកផ្គត់ផ្គង់កូនត្រី។
* ត្រូវលើកកម្ពស់សមត្ថភាពមន្ទីរពិសោធន៍ និងបង្កើនការងារស្រាវជ្រាវ និងអភិរក្សបន្ថែមទៀត ជាពិសេសប្រភេទត្រីដែលជិតផុតពូជ និងរួមគ្នាថែរក្សាមជ្ឈមណ្ឌល ទាំងមូល ឲ្យបានគង់វង្ស ទុកជាប្រយោជន៍សម្រាប់បម្រើការងារ ស្រាវជ្រាវវិស័យជលផល។
* ខិតខំស្វែងរកដៃគូមកជួយទាំងថវិកា និងការងារបច្ចេកទេសចិញ្ចឹម និងបង្កាត់ពូជ ដើម្បីបង្កើនកម្រិតបច្ចេកទេសស្រាវជ្រាវឲ្យបានសមស្របតាមស្តង់ដារក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក ឈានទៅធ្វើការចិញ្ចឹម ការកែច្នៃ និងនាំចេញផលិត ផលត្រីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនាពេលអនាគត។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ បានជម្រាបជូនលោករដ្ឋមន្រ្តី វេង សាខុន បានជ្រាបថា ជាមធ្យមនៅទូទាំងខេត្តព្រៃវែង ទទួលបានផលពីវារី វប្បកម្មពី១២-១៤ពាន់តោនក្នុង១ឆ្នាំ។ បរិមាណនេះ អាចផ្គត់ផ្គង់ឲ្យទីផ្សារក្នុងខេត្តបាន និងនាំចេញមកកាន់រាជធានីភ្នំពេញ និងខេត្តជាប់ព្រំប្រទល់។
លោករដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះលទ្ធផលនេះ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរ ក៏ដូចជាមន្រ្តីជំនាញ និងជាពិសេសថ្នាក់ដឹកនាំ រដ្ឋបាលជលផលដែលបានខិតខំ យកអស់កម្លាំងកាយចិត្ត អភិវឌ្ឍអនុវិស័យនេះ ឲ្យមានការរីកចម្រើន ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងជាពិសេសចូលរួម កាត់បន្ថយការចាប់ពីប្រភពធម្មជាតិ។
ជាមួយគ្នានេះ លោក វេង សាខុន ក៏បានពិនិត្យសកម្មភាពភ្ញាស់កូនត្រី និងចិញ្ចឹមត្រី របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកពាមរក៍ផងដែរ រូមមាន ពិនិត្យកសិដ្ឋានភ្ញាស់កូនត្រីប្រារបស់ Dr. Hara Hiro (ជនជាតិជប៉ុន អតីតជំនាញការរបស់អង្គការ JICA) លើផ្ទៃដី១ហិកតា នៅភូមិស្កូវ ឃុំពាមរក៍, ពិនិត្យកន្លែងចិញ្ចឹមត្រី របស់លោក ជា ទឺ នៅភូមិពន្លៃ ឃុំបាបោង ដែលកំពុងចិញ្ចឹមត្រីពោ និងត្រីប្រា លើផ្ទៃដីជាង៥ហិតា មានស្រះចិញ្ចឹមត្រីទាំង២ប្រភេទនេះ ចំនួន៨ស្រះ និងពិនិត្យកសិដ្ឋាន លោក គង់ ប៉ា ភ្ញាស់កូនត្រីអណ្តែង និងត្រីប្រា៕