(កំពង់ស្ពឺ)៖ អគ្គិសនីកម្ពុជា (EDC) បានឲ្យដឹងថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៣៖៣០នាទីរសៀល មានករណីលោតឧបករណ៍ផ្តាច់-ភ្ជាប់(Auto Recloser) មូលហេតុមានរថយន្តបែនដឹកដី មិនបានទំលាក់បែន បណ្តាលឲ្យទាក់ដាច់ខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ០១ខ្សែ និងបាក់សសរបណ្ដាញតង់ស្យុងមធ្យម (MV) ចំនួន ០១ដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅឃុំអូរ ឃុំដំបូករូង និងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុលខ្សែបណ្ដាញ និងដាំបង្គោលតង់ស្យុងមធ្យម (MV) ដើម្បីភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៩៖០០នាទីយប់។
អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕