(ត្បូងឃ្មុំ)៖ លោក ប៉ុក តារា ព្រះរាជអាជ្ញារងតំណាងលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ បានចុះជួបសំណេះសំណាល និងផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺ COVID-19 ព្រមទាំងចែកទឹកអាល់កុល និងដបបាញ់ ជូនដល់មន្ត្រី នៃមណ្ឌលអប់រំកែប្រែទី០៣ ស្ថិតក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីយកទៅប្រើប្រាស់ក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ (COVID-19) នៅក្នុងពន្ធធនាគារនេះ។
នាឱកាសនោះ លោក ឡុង ហុកម៉េង តាមរយៈលោក ប៉ុក តារា ចំពោះការផ្តល់នូវទឹកអាល់កុលលាងដៃចំនួន២កាន ស្មើនឹង៦០លីត្រ និងដបបាញ់ទាំងនេះ ដើម្បីជាការចូលរួមជួយសម្រួល ពន្ធធនាគារក្នុងការចូលរួមទប់ស្កាត់ នៃការរីករាលដាលនៃជំងឺកូវីដ១៩ ដោយអាចបាញ់សម្អាតបរិស្ថានជុំវិញ បាញ់និងទុកលាងដៃអ្នកទោសទើបចូលថ្មី ក៍ដូចជាបងប្អូនដែលមកសួរសុខទុក្ខអ្នកទោស នៅទីនេះផងដែរ។
បន្ថែមពីនេះ បានពន្យល់ដល់មន្ត្រីពន្ធនាគារ និងអ្នកទោស ត្រូវមានអនាម័យជាប់ជានិច្ចដោយលាងដៃជាមួយសាប៊ូ ឫទឹកអាកុល ពិសេសនៅឲ្យឆ្ងាយពីគ្នា កុំមានការប្រមូលផ្តុំក្នុងពន្ធធនាគារ ។
ជាងនេះទៅទៀត ក៏បានជំរុញដល់មន្ត្រីពន្ធធនាគារ បង្កើនការផ្សព្វផ្សាយនូវសារអប់រំនានា ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ដោយយកចិត្តទុកដាក់បន្ថែមទៀត ចំពោះអ្នកទោសដែលទើបចូលថ្មី និងអ្នកមកសួរសុខទុក្ខទាំងអស់ ពិសេសអ្នកទោសដែលមានចេញសញ្ញាណនៃរោគសញ្ញាសង្ស័យជំងឺកូវីដ១៩ ត្រូវទាក់ទងភ្លាមៗជាមួយមន្ត្រីសុខាភិបាល ឫទាក់ទងទៅលេខ១១៥ ជាបន្ទាន់៕