(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងចូលកាន់តំណែង មន្ត្រីរាជការសាលាស្រុកភ្នំក្រវាញ ចំនួន០៣រូប នាព្រឹកថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាស្រុក ដោយមានការចូលរួមពី លោក ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំបណ្តាមន្ទីរ និង អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរឃុំ និងមន្រ្តីរាជការ ជុំវិញស្រុកជាច្រើននាក់។
ផ្នែកតាមប្រកាសលេខ៦០៩៨.ប្រក ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ ដែលអានដោយលោក ម៉ូវ ម៉ានិត នាយករដ្ឋបាលសាលាខេត្ត ត្រូវបានសម្រេចប្រកាសតែងតាំងលោក ទឹម យាន អតីតជានាយករដ្ឋបាលសាលាស្រុក មកជាអភិបាលរង នៃគណៈអភិបាលស្រុកភ្នំក្រវាញ និងមន្ត្រី២រូបទៀត គឺលោក ឡាំ សុផល ជានាយករងរដ្ឋបាល និងលោក ឆេង ជឿន ជាប្រធានការិយាល័យអន្តរវិស័យ សាលាស្រុកភ្នំក្រវាញ តាមដីកាលេខ០៣ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៥ របស់សាលាខេត្ត។
លោក ទឹម យាន អភិបាលរងនៃគណៈអភិបាលស្រុកភ្នំក្រវាញ ដែលទើបតែងតាំងថ្មី បានថ្លែងអំណរគុណចំពោះ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ពិសេសលោកអភិបាល នៃគណៈអភិបាលខេត្ត ដែលបានចាត់តាំងឲ្យរូបលោក ជាអភិបាលរងនៃគណៈអភិបាលស្រុក។ ក្នុងនាមអភិបាលរង នៃគណៈអភិបាលស្រុក លោក ទឹម យាន បានប្តេជ្ញាចិត្តខិតខំអនុវត្ត និង បំពេញការងារឲ្យអស់ពីសមត្ថភាព តាមបទបញ្ជារបស់ថ្នាក់លើប្រគល់ឲ្យ ទាំងការគោរពច្បាប់ លិខិតបទដ្ឋាននានា ការងារគ្រប់គ្រងរដ្ឋបាលស្រុក ការងារអភិវឌ្ឍន៍ ជម្រុញកាងារអនុវត្តគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព បង្ការបង្រ្កាបបទល្មើសផ្សេងៗ ឲ្យមានប្រសិទ្ធិភាព ដើម្បីជាសេនាធិការដ៏រឹងមាំ ឲ្យគណៈបញ្ជាការឯកភាពខេត្ត និងផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ។
លោក ម៉ៅ ធនិន បានថ្លែងថា៖ ការប្រកាសតែងតាំងចូលកាន់មុខតំណែង លោក ទឹម យាន អតីតជានាយករដ្ឋបាលសាលាស្រុក មកជាអភិបាលរងនៃគណៈអភិបាលស្រុកភ្នំក្រវាញ និងមន្ត្រី២រូបទៀត គឺជាការគិតគូររបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងមហាផ្ទៃ តែងតែមានការផ្លាស់ប្តូរជាធម្មតា ទៅតាមសភាពការជាក់ស្តែង នៅក្នុងតំបន់នោះ។ នៅពេលទទួលបានមុខងារ ស្របតាមលក្ខណៈច្បាប់ហើយនោះ សូមលោក អនុវត្តការងារ និងត្រូវចែករំលែកការងារទាំងនោះ ទៅថ្នាក់ក្រោមរបស់ខ្លួន មានកិច្ចសហការល្អ ជាមួយថ្នាក់ក្រោម ចៀសវាងការច្រណែនឈ្នានីស ប្រកាន់បក្ខពួក ដែលនាំឲ្យការងារមិនរលូន។ លោកបានបន្ថែមទៀតថា យើងធ្វើជាម៉ែឪគេ ត្រូវធ្វើយ៉ាងណាឲ្យកូនចៅ គោរពស្រឡាញ់ចូលចិត្ត ធ្វើតែអំពើល្អ នឹងម៉ឹងម៉ាត់ ចំពោះការងាររដ្ឋបាលរបស់ខ្លួន ដែលគ្រប់គ្រង។ ក្នុងនាមជាមន្ត្រីបម្រើប្រជាពលរដ្ឋ ត្រូវធ្វើអោយប្រជាពលរដ្ឋស្រឡាញ់ និងគាំទ្រ មិនត្រូវប្រព្រឹត្តអ្វីដែលប៉ះពាល់ ដល់ប្រជាពលរដ្ឋជាដាច់ខាត៕