(កណ្ដាល)៖ លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំកម្លាំងចម្រុះ ចុះឆែកឆេរគ្រប់ឱសថស្ថានចំនួន ៣០កន្លែង នៅក្នុងក្រុងតាខ្មៅ ដើម្បីធ្វើការត្រួតពិនិត្យរកឧបករណ៍ធ្វើតេស្តជំងឺកូវីដ១៩ (Covid-19) ដោយខុសច្បាប់ និងការតាំងលក់អាល់កុល និងម៉ាសផងដែរ ពិសេសផ្សព្វផ្សាយពីវិធានការនានា ជុំវិញករណីវីរុ COVID-19 ដែលកំពុងរាតត្បាតទូទាំងសកលលោក។
លោក លាវ ស្រេង បានឱ្យដឹងថា ដោយមានការសហការពីអភិបាលខេត្តកណ្តាលលោក គង់ សោភ័ណ្ឌ លោកបានបញ្ជាកម្លាំងនគរបាលយុត្តិធម៌ មន្ត្រីជំនាញពាក់ព័ន្ធ នឹងឱសថ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដើម្បីចុះឆែកឆេរត្រួតពិនិត្យ និងចាប់យកនូវឧបករណ៍ធ្វើតេស្តទាំងនោះ ដែលមិនមានការទទួលស្គាស់ពីក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។ ជាលទ្ធផលឃើញថា នៅគ្រប់ឱសថស្ថានទាំង ៣០កន្លែង ពុំមានប្រទះឃើញការលក់ដូរឧបករណ៍តេស្ដជំងឺ Covid-19 ណាមួយនោះទេ នោះទេ។
លោកបន្តថា កម្លាំងជំនាញបានចុះទៅដល់ឱសថស្ថាននីមួយៗ ដែលសង្ស័យមានលក់នូវឧបករណ៍ធ្វើតេស្តវីរុសកូវីដ១៩ កន្លងមក និងបច្ចុប្បន្នដោយមានការផ្សព្វផ្សាយ និងនាំចូលឧបករណ៍ធ្វើតេស្តកូវីដ១៩ ដោយមិនមានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដែលជាការឆរបោក និងជាការនាំចូល ទំនិញក្លែងក្លាយ មិនគោរពទៅតាមស្តង់ដារ។
ដូច្នេះដើម្បីផលប្រយោជន៍សង្គម ក៏ដូចជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ ត្រូវចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលវីរុសកូវីដ១៩នេះ ជាពិសេសអនុវត្តតាមអនុសាសន៍ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាការជាតិប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩ បានចាត់វិធានការជាបន្ទាន់ ក្នុងការអនុវត្តលើ ករណីទាំងអស់នោះ។
លោកព្រះរាជអាជ្ញា លាវ ស្រេង ក៏បានអំពាវនាវដល់គ្រប់ឱសថស្ថានទាំងអស់ ត្រូវគោរពច្បាប់ និងកុំលក់របស់ក្លែងក្លាយ ពិសេសត្រូវចូលរួមទាំងអស់គ្នាក្នុងប្រយុទ្ធប្រឆាំង នឹងវីរុសCOVID-1 9ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕